34 C
Phnom Penh

រដ្ឋាភិបាល​ផ្តល់​ដី ១​ពាន់​ហិកតារ​នៅ​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ស្នើសុំ​កាត់​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ ចំនួន ១​ពាន់​ហិកតារ ស្ថិត​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ ខណៈ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់ និង​ការ​បាត់បង់​សត្វ​ព្រៃ​នៅ​តំបន់​នេះ។

លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​មាន​ការ​ដោះដូរ​ដី​ចំនួន ៣០០​ហិកតារ នៅ​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ និង​ដី ៥០០​ហិកតារ​របស់​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន «ខ្មែរ ហ្វ្រេស មីល ឯ.ក» (Khmer Fresh Milk) ដើម្បី​ធ្វើការ​អភិវឌ្ឍ។

លិខិត​ដដែល​បញ្ជាក់​ថា ដី​ចំនួន ៣០០​ហិកតារ​នៅ​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ នឹង​ត្រូវ​ដោះដូរ​ជាមួយ​ដី​ទំហំ ៤០០​ហិកតារ​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ទទួល​បាន​អគារ​រដ្ឋបាល​ទំហំ ១១​ម៉ែត្រ​គុណ ២១​ម៉ែត្រ កម្ពស់ ២​ជាន់​ចំនួន​មួយ​ខ្នង ហើយ​សម្រាប់​អគារ​ស្នាក់នៅ​ទំហំ ១៦​ម៉ែត្រ​គុណ​នឹង ៣៦​ម៉ែត្រ​ចំនួន ១​ខ្នង ខណៈ​ក្រោលគោ​ទំហំ ៣២​ម៉ែត្រ​គុណ ៤៥​ម៉ែត្រ​ចំនួន ២​ខ្នង និង​ឃ្លាំង​ចំណី​សត្វ​ទំហំ ១៥​ម៉ែត្រ​គុណ ២៥​ម៉ែត្រ​ចំនួន ២​ខ្នង និង​សម្ភារ​ផ្សេងៗ។

ចំណែក​ដី​ចំនួន ៥០០​ហិកតារ​ទៀត​របស់​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តាម៉ៅ ត្រូវ​បាន​ផ្លាស់​ទៅ​បង្កើត​នៅ​សួនសត្វ Salan Angkor លើ​ផ្ទៃដី​ទំហំ ២៥០​ហិកតារ ស្ថិត​ក្នុង​ស្ថានីយ​ស្ដារ និង​អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយស្រី ក្នុង​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប រួម​មាន​ការ​សាងសង់​អគារ​រដ្ឋបាល អគារ​ចត្តាឡីស័ក អគារ​ព្យាបាល​សត្វ​ព្រៃ សាងសង់​របង​ព័ទ្ធ​ជុំវិញ សាងសង់​ផ្លូវ និង​រៀបចំ​ទីតាំង​អភិវឌ្ឍន៍​ផ្សេង​ទៀត។

លិខិត​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​នឹង​ធ្វើ​សួនសត្វ​មណ្ឌលគិរី​មាន​ផ្ទៃដី​ជិត ៥​សែន​ហិកតារ (៤៧២៨០៩​ហិកតារ) នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី រួម​មាន​ការ​សាងសង់​សួនផ្កា​ទំហំ ២០​ហិកតារ រៀបចំ​ប្រព័ន្ធ​ផ្លូវ ប្រព័ន្ធ​ស្រោចស្រព និង​ការ​ផ្ដល់​ឡាន​ម៉ូតូ​ជាច្រើន​គ្រឿង។ លិខិត​បន្ថែម​ថា ក្រុមហ៊ុន​នឹង​រៀបចំ​ផ្ដល់​ដី​កម្មសិទ្ធិ​ឯកជន​ទំហំ ៩,៨​ហិកតារ ស្ថិត​នៅ​ភូមិ​ត្រពាំងសាប ស្រុក​បាទី ខេត្ត​តាកែវ ដែល​អាច​សង់​ផ្ទះ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជូន​មន្ត្រី បុគ្គលិក និង​កម្មករ​ចំនួន ៨៥​នាក់​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ នាយក​កម្មវិធី​នៅ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ (Wildlife Alliance) លោក នីច ម៉ាក (Nick Marx) បាន​ចេញ​វីដេអូ​មួយ​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់ និង​ការ​បាត់បង់​សត្វ​ព្រៃ​នៅ​តំបន់​នេះ ដោយ​ថា​តំបន់​ភ្នំ​តាម៉ៅ ក៏​ជា​កន្លែង​ល្អ​មួយ​នៅ​ជិត​រាជធានី​ភ្នំពេញ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត ឬ​សម្រាក​លំហែ​កាយ និង​ទស្សនា​សត្វ​ព្រៃ​នៅ​ទីនោះ​ផង​ដែរ។

បើ​តាម​អ្នកជំនាញ​អភិរក្ស​សត្វ​ព្រៃ​រូប​នេះ ឲ្យ​ដឹង​ថា ដី​ភ្នំ​តាម៉ៅ ទំហំ ២៣០០​ហិកតារ ក្នុង​នោះ ៤០០​ហិកតារ​ជា​កន្លែង​សួនសត្វ។ លោក​ថា ភ្នំ​តាម៉ៅ មាន​សត្វ​ព្រៃ​ជាច្រើន និង​ច្រើន​ប្រភេទ​កំពុង​រស់នៅ ការ​បង្ក​កំណើត និង​ជួយ​សង្គ្រោះ ដោយសារ​ព្រៃឈើ​នៅ​ជុំវិញ​ភ្នំ​មួយ​នេះ​ជា​កន្លែង​ល្អ​សម្រាប់​សត្វ​ព្រៃ​រស់នៅ។

លោក នីច ម៉ាក អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​ដោះដូរ​តំបន់​ភ្នំ​តាម៉ៅ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ។

ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk) ដែល​ធ្វើ​ប្រតិបត្តិការ​កសិដ្ឋាន និង​រោងចក្រ​កែច្នៃ​ទឹកដោះគោ បាន​កកើត​ចេញពី​ការ​ចាប់​ដៃគូ​រវាង​មូលនិធិ Cambodia-Laos-Myanmar Development Fund II ស្ថិតនៅ​ប្រទេស​សិង្ហបុរី ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Emerging Markets Investment Advisers (EMIA) មូលនិធិ​របស់​ជប៉ុន Nexasia ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង​ក្រុម​ស្ថាបនិក​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់​រួម​មាន​សហគ្រិន​កម្ពុជា និង​សហគ្រិន​មកពី​ប្រទេស​អ៊ីស្រាអែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស