33 C
Phnom Penh

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចង់​បាន​ការ​អភិវឌ្ឍ ឬ​អស្ថិរភាព​សង្គម?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​លោក ហ៊ុន សែន តែង​អះអាង​ថា​ខ្លួន​ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​មួយ​ដែល​ក្រីក្រ​បំផុត​ក្នុង​លោក។ ក្នុង​ខណៈ​ដែល​លោក ហ៊ុន សែន អួតអាង​ថា​ខ្លួន​ជា​អ្នក​ស្រឡាញ់​សន្តិភាព និង​ថែរក្សា​ស្ថិរភាព​សង្គម លោក​ត្រូវ​បាន​គេ​ស្គាល់​ពាសពេញ​ពិភពលោក​ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​អម​ទៅ​ដោយ​មន្ត្រី​ពុករលួយ មន្ត្រី​បែប​ជើងកាង និង​ក្រុម​ឧត្តមសេនីយ៍​ដៃ​ឆៅ​ជាច្រើន​រូប។

តើ​ហេតុ​អ្វី​បាន​ជា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ នៅតែ​ធ្វើ​ឲ្យ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ហើយ​មាន​ឈ្មោះ​កាន់តែ​អាក្រក់​ក្នុង​ឆាក​អន្តរជាតិ​ថែម​ទៀត​នោះ?

លោក ហ៊ុន សែន តែងតែ​ឃោសនា​អំពី​ការ​អភិវឌ្ឍ​សង្គម និង​ការ​ប្ដេជ្ញា​ការពារ​ស្ថិរភាព​សង្គម។ ចំពោះ​ការ​អភិវឌ្ឍ​សង្គម លោក ហ៊ុន សែន និង​មន្ត្រី​របស់​គាត់​បាន​អួត​អំពី​សំណង់​អគារ​ខ្ពស់ៗ​របស់​ក្រុម​គ្រួសារ​គាត់ និង​របស់​ក្រុមហ៊ុន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ អួត​អំពី​សំណង់​ផ្លូវ ថ្នល់ ស្ពាន ដែល​ប្រើប្រាស់​លុយ​ជំនួយ និង​បំណុល​បរទេស​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ អួត​អំពី​ការ​ស្ទះ​សំរាម និង​ការ​កកស្ទះ​ចរាចរ​ក្នុង​ទីក្រុង​ថា​ជា​តឹកតាង​នៃ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច។

លោក ហ៊ុន សែន តែងតែ​លើកឡើង​ថា រដ្ឋាភិបាល​របស់​គាត់​គឺជា​រដ្ឋាភិបាល​សេដ្ឋកិច្ច ឬ​ទីណា​មាន ហ៊ុន សែន ទីនោះ​មាន​ការ​អភិវឌ្ឍ។ ការ​លើកឡើង​នូវ​សារ​ទាំងនេះ គឺ​ចង់​បញ្ជាក់​ថា គាត់​ជា​អ្នក​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​សង្គម ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​រុងរឿង ប៉ុន្តែ​តើ​លោក ហ៊ុន សែន ពិត​ជា​មាន​ចេតនា​ពិតប្រាកដ​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម​ដើម្បី​ប្រជាពលរដ្ឋ និង​ដើម្បី​ជាតិ​ដែរ​ឬ​ទេ?

ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​ទសវត្ស​មក​នេះ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​នានា​ក្នុង​ពិភពលោក​នេះ។ ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​បាន​ក្លាយ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​មួយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​ក្នុង​លោក។

ដូច្នេះ បើ​គេ​ពិនិត្យ​មើល​អំពី​ចំណាត់ថ្នាក់​ក្រីក្រ​បំផុត​នៃ​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​នេះ គេ​អាច​មាន​មន្ទិល​អំពី​ចេតនា​លោក ហ៊ុន សែន ចំពោះ​ពាក្យ​ថា​អភិវឌ្ឍន៍​របស់​គាត់។

ផ្ទុយ​ពី​ស្ថានភាព​ក្រីក្រ​បំផុត​នៃ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ លោក ហ៊ុន សែន ក្រុម​គ្រួសារ និង​បក្ខពួក​របស់​គាត់ កំពុង​រស់នៅ​ក្នុង​កម្រិត​ជីវភាព​ដ៏​ខ្ពង់ខ្ពស់។ បើ​អ៊ីចឹង តើ​ការ​អភិវឌ្ឍ​ដែល​គាត់​កំពុង​អួតអាង​នោះ គឺជា​ការ​អភិវឌ្ឍ​សម្រាប់​នរណា? សម្រាប់​តែ​ក្រុម​គ្រួសារ និង​បក្សពួក​គាត់​ឬ​យ៉ាង​ណា?

ដើម្បី​វិភាគ​លើ​ចេតនា​របស់​គាត់​ចំពោះ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា គេ​គួរ​ពិនិត្យ​មើល​លើ​ព្រឹត្តិការណ៍​នយោបាយ​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​បាន​កើតឡើង​កន្លងមក។

ក្រោយ​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​នេះ​ក្នុង​ឆ្នាំ​២០១៧ សហគមន៍​អឺរ៉ុប និង​ប្រទេស​អាមេរិក​បាន​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាច្រើន​លើក​ច្រើនសា ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​អាច​ប្រឈម​នឹង​ផលវិបាក​នៃ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP។ លោក ហ៊ុន សែន បាន​បង្ហាញ​ការ​មិន​ខ្វល់ និង​ថែមទាំង​ពន្យុះ​ឱ្យ​គេ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទៀត​ផង។

បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​វិទ្យាស្ថាន Enrich Institute ដែល​ផ្សាយ​នា​ខែ​ធ្នូ ឆ្នាំ​២០១៩ ថា​ប្រទេស​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ក្រោម​គម្រោង​រួច​ពន្ធ EBA ក្នុង​ឆ្នាំ​២០១៨ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៦​ពាន់​លាន​ដុល្លារ​អាមេរិក។

បើ​ផ្អែក​លើ​សេចក្ដី​រាយការណ៍​ពី​ធនាគារ​ពិភពលោក រដ្ឋាភិបាល​អាមេរិក និង​ប្រភព​មួយ​ចំនួន​ទៀត​នោះ តួលេខ​ក្នុង​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​អាមេរិក​មាន​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៥​ពាន់​លាន​ដុល្លារ​អាមេរិក។

ដូច្នេះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក គឺ​ស្មើ​នឹង​ទឹកប្រាក់​ប្រមាណ​ជាង ១​ម៉ឺន​លាន​ដុល្លារ។ នេះ​ជា​ទំហំ​ពាណិជ្ជកម្ម​មួយ​ដ៏​ធំធេង​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ខ្វល់​ថា​នឹង​អាច​បាត់បង់។ នេះ​វា​មាន​ន័យ​ថា លោក ហ៊ុន សែន មិន​គិត​អំពី​ការ​ខាតបង់​របស់​ជាតិ ការ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ឬ​ការ​អភិវឌ្ឍ​សង្គម​អ្វី​ឡើយ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា គាត់​មិនមែន​ជា​មនុស្ស​ចង់​ឱ្យ​មាន​ការ​អភិវឌ្ឍ​សង្គម​បែប​ខ្លួន​ទីពឹង​ខ្លួន​នោះ​ទេ។

ផ្ទុយទៅវិញ លោក ហ៊ុន សែន សុខចិត្ត​ជ្រើសរើស​យក​ផ្លូវ​ពង្រឹង​អំណាច​ផ្ដាច់ការ រឹត​បន្តឹង​សេរីភាព​នយោបាយ និង​បង្ក​ការ​ភ័យខ្លាច​ក្នុង​សង្គម បើ​ទោះជា​បាត់​អត្ថប្រយោជន៍​ជាតិ​ដ៏​សន្ធឹកសន្ធាប់​ដែល​បាន​មកពី​បណ្តា​ប្រទេស​លោក​សេរី​ក្តី។ គាត់​បាន​នាំ​ប្រទេស​កម្ពុជា​ធ្វើ​ដំណើរ​តាម​ផ្លូវ​របប​ខ្មែរក្រហម ដោយ​ងាក​ទៅ​រក​ចិន​ជ្រៅ​ទៅៗ បើ​ទោះបីជា​មាន​ការ​ចាញ់​ប្រៀប ឬ​មាន​ឱនភាព​ផ្នែក​ជញ្ជីង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​យ៉ាងណា​ក៏ដោយ។

យោង​តាម​ធនាគារ​ពិភពលោក និង​ប្រភព​ដទៃ​ទៀត ក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​បាន​នាំ​ទំនិញ​លក់​ទៅ​ប្រទេស​ចិន មាន​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​អាមេរិក និង​នាំចូល​ទំនិញ​ពី​ប្រទេស​នេះ​វិញ​ប្រមាណ​ជា ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

គេ​អាច​និយាយ​ឱ្យ​ងាយ​យល់​ថា កម្ពុជា​យក​លុយ​ពី​ចិន​បាន​តែ ១​ពាន់​លាន​ដុល្លារ រីឯ​ចិន​វិញ​យក​លុយ​ពី​កម្ពុជា​បាន ៧​ពាន់​លាន​ដុល្លារ ឬ​ចិន​យក​លុយ​ពី​កម្ពុជា​ចំនួន ៧​ដង​ច្រើន​ជាង​កម្ពុជា​យក​លុយ​ពី​ចិន។

អ្នក​តាមដាន​នយោបាយ​ក្នុង​សង្គម​មួយ​រូប គឺ​លោក សុខ សុគន្ធ បាន​ថ្លែង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លងទៅ​នេះ​ថា ក្រោម​គម្រោង​ពាណិជ្ជកម្ម​សេរី​ទាំងស្រុង​ជាមួយ​ចិន បច្ចុប្បន្ន​ទឹក​លុយ​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​ចិន មាន​ចំនួន​ប្រមាណ ២​ពាន់​លាន​ដុល្លារ គឺ​ប្រហាក់ប្រហែល​ស្មើ​នឹង​ទំហំ​ទឹកប្រាក់​នៃ​តម្លៃ​ពាណិជ្ជកម្ម​កម្ពុជា​ក្រោម​គម្រោង EBA របស់​សហគមន៍​អឺរ៉ុប ចំនួន ២០% ដែល​ត្រូវ​បាន​គេ​កាត់​ចោល​នោះ។

លើស​ពី​ការ​ខាតបង់​ផលប្រយោជន៍​ពាណិជ្ជកម្ម ការ​នាំ​ប្រទេស​កម្ពុជា​ទៅ​ទិស​ចិន​តែ​មួយ ក៏​ជា​ហានិភ័យ​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា។ អ្នក​តាមដាន​នយោបាយ​កម្ពុជា​តែងតែ​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​បង្កើត​សមរភូមិ​នៃ​សង្គ្រាម​ត្រជាក់​ក្នុង​ប្រទេស​កម្ពុជា​រវាង​មហាអំណាច​ផ្ដាច់ការ​ចិន និង​មហាអំណាច​សេរី ដូចជា​សហរដ្ឋ​អាមេរិក ជាដើម។ ការ​លើកឡើង​ពី​អ្នកវិភាគ​ទាំងនោះ គឺជា​ការ​សម្ដែង​ក្តី​កង្វល់​អំពី​លទ្ធភាព​នៃ​ការ​កើតឡើង​នូវ​អស្ថិរភាព​សង្គម​កាន់តែ​ខ្លាំង​ក្នុង​ពេល​អនាគត។ ជាមួយ​គ្នា​នេះ គេ​អាច​ចោទ​សួរ​ថា តើ​លោក ហ៊ុន សែន ចង់​បង្ការ​អស្ថិរភាព​សង្គម​ដែរ​ឬ​ទេ?

បើ​គេ​សង្កេត​អំពី​ប្រវត្តិ​នៃ​ការ​ពង្រឹង​អំណាច​របស់​គាត់ លោក ហ៊ុន សែន តែងតែ​បង្កើត​បញ្ហា​ដើម្បី​គ្រប់គ្រង និង​រក្សា​អំណាច។ ដើម្បី​បាន​គ្រប់គ្រង​អំណាច​តែ​ឯង លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី​១ ក្នុង​ឆ្នាំ​១៩៩៧។ មុន​នឹង​ធ្វើ​រដ្ឋប្រហារ​នោះ លោក ហ៊ុន សែន បាន​បង្កើត​នូវ​បញ្ហា​អស្ថិរភាព​សង្គម​ជាច្រើន​តាមរយៈ​ការ​បង្ក​ការ​ផ្ទុះ​អាវុធ​ជា​ញឹកញយ ចោទ និង​ចាប់​អ្នក​នយោបាយ​ប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់។ អ្នក​ខ្លះ​ត្រូវ​បាន​គេ​សម្លាប់​យ៉ាង​ឃោរឃៅ។ ទង្វើ​បែប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន អនុវត្ត​ជាបន្តបន្ទាប់​រហូត​មក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គាត់​រំលាយ​ចោល​កាលពី​ចុង​ឆ្នាំ​២០១៧។

ដូច្នេះ ចំណុច​នេះ​បញ្ជាក់​ថា តាមពិត លោក ហ៊ុន សែន បង្កើត​អស្ថិរភាព​សង្គម​ជាជាង​សន្តិភាព គឺ​វា​ផ្ទុយ​ពី​អ្វី​ដែល​គាត់​ធ្លាប់​អួត​ថា គាត់​ជា​អ្នក​ស្រឡាញ់​សន្តិភាព​នោះ ឬ​និយាយ​ឱ្យ​ងាយ​ស្តាប់ គឺ​គាត់​ជា​មនុស្ស​ត្រូវការ​អស្ថិរភាព​សង្គម។

កាលពី​ពាក់កណ្តាល​ខែ​មីនា កន្លង​ទៅ​នេះ សារ​នយោបាយ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក និង​សារ​នយោបាយ​របស់​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប បាន​ចេញ​ផ្សាយ​ស្រដៀង​គ្នា​អំពី​ផល​ចំណេញ​សម្រាប់​ប្រទេស​កម្ពុជា ដែល​អាច​ទទួល​បាន​ពី​ការ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

សារ​នេះ​អាច​មាន​ន័យ​ថា ប្រសិនបើ​លោក ហ៊ុន សែន ព្រម​ផ្តល់​សេរីភាព​នយោបាយ​ឡើងវិញ​ដល់​លោក កឹម សុខា ប្រទេស​កម្ពុជា​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម សេដ្ឋកិច្ច ជំនួយ ឬ​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ទៀត។ ប្រសិនបើ​ដូច្នោះ​មែន​នោះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អាច​នឹង​រីកចម្រើន​ខ្លាំង​ឡើង ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​កាន់តែ​ធូរធារ​តាម​នោះ​ដែរ។

ប៉ុន្តែ​លោក ហ៊ុន សែន ហាក់ដូចជា​មិន​ខ្វល់​នឹង​អត្ថប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​ដូច​ការ​ក្រើន​រំឭក​បែប​នេះ​ឡើយ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន ហាក់ដូចជា​ចង់​បាន​អស្ថិរភាព​សង្គម​ទៅ​វិញ។ គាត់​ខ្លួនឯង​ធ្លាប់​ចោទ​ប្រកាន់​លោក សម រង្ស៊ី និង​គូកន​ថា​ជា​អ្នក​នយោបាយ​បង្កើត​ចលាចល​សង្គម ប៉ុន្តែ​ប្រសិនបើ​អ៊ីចឹង​មែន ចុះ​ហេតុ​អ្វី​បាន​ជា​គាត់​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី និង​ក្រុម​របស់​គាត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​តាមរយៈ​គណបក្ស​ភ្លើង​ទៀន?

នៅ​ទី​បញ្ចប់​នៃ​សេចក្តី​ពិត លោក ហ៊ុន សែន មិន​ចង់​បាន​ការ​អភិវឌ្ឍ​សង្គម​ទេ តែ​ចង់​បាន​អស្ថិរភាព​សង្គម​ជាង គឺ​អស្ថិរភាព​ដែល​លោក​ជា​អ្នក​បង្កើត និង​ជា​អ្នក​គ្រប់គ្រង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស