42.2 C
Phnom Penh

លោក ពូទីន ថ្លែង​ការពារ​ការ​លើក​ទ័ព​វាយលុក​អ៊ុយក្រែន​ក្នុង​ទិវា​ជ័យជម្នះ ៩​ឧសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​ក្នុង​ទឹកដី​អ៊ុយក្រែន គឺជា​ស្រមោល​នៃ​ការ​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​ដែល​អតីត​សហភាព​សូវៀត បាន​វាយ​ឈ្នះ​លើ​កងទ័ព​នៃ​របប​ណាហ្ស៊ី​អាល្លឺម៉ង់ ក្រោម​ការ​ដឹកនាំ​របស់ អាឌុល​អ៊ីត្លែរ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៤៥។

រៀង​រាល់​ថ្ងៃ​ទី​៩ ឧសភា នៅ​លើ​ទីលាន​ក្រហម​នៃ​ទីក្រុង​មូស្គូ គឺ​រដ្ឋាភិបាល​រុស្ស៊ី តែងតែ​ធ្វើ​ពិធី​ហែ​ក្បួន​កងទ័ព និង​សញ្វាវុធ ដោយ​មាន​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​មហាអំណាច​យោធា​នេះ​មក​ចូលរួម​ជាមួយ​នឹង​ការ​កៀងគរ​ពលរដ្ឋ​ច្រើន​ពាន់​នាក់​មក​ចូលរួម​ផង​ដែរ។ អ្វី​ជា​ការ​ចាប់អារម្មណ៍ និង​ទាក់​ភ្នែក​ទស្សនិកជន គឺ​ការ​បង្អួត​សព្វាវុធ​ធុន​ធ្ងន់ និង​ទំនើប​យ៉ាង​សម្បើម ដែល​ជា​ការ​គំរាម​ដៃគូ​ប្រជែង​នឹង​ក្រុង​មូស្គូ។ ប៉ុន្តែ​ទិវា ៩​ឧសភា សម្រាប់​ឆ្នាំ​នេះ របប​ក្រុង​មូស្គូ រឹតតែ​បង្អួត​ថែម​ទៀត​នូវ​សព្វាវុធ​ទំនើបៗ​មាន​ដូចជា មីស៊ីល​បាញ់​រំលង​ទ្វីប និង​មីស៊ីល​បំពាក់​ដោយ​ក្បាល​នុយក្លេអ៊ែរ​ដែល​ជា​អាវុធ​ប្រល័យ​លោក និង​រថក្រោះ​ទំនើបៗ​ជំនាន់​ថ្មី។

ជាមួយ​នឹង​ហែ​ក្បួន​ទ័ព​ដ៏​សម្បើម​សម្រាប់​ឆ្នាំ​នេះ ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់ DW បាន​ចុះផ្សាយ​ថា ស្ថានការណ៍​សឹក​នៅ​លើ​ទឹកដី​អ៊ុយក្រែន គឺជា​ប្រធានបទ​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​យក​មក​ថ្លែង​ក្នុង​សុន្ទរកថា​របស់​លោក​ប្រមាណ​ជាង ១០​នាទី​ទៅ​កាន់​ជន​រួម​ជាតិ​ក្នុង​ព្រឹត្តិការណ៍​នេះ។

តាម​ប្រភព​ព័ត៌មាន​របស់ DW សារ​របស់​លោក ពូទីន ព្យាយាម​លើកឡើង​អំពី​ការ​ការពារ​ចំពោះ​កងទ័ព​រុស្ស៊ី ដែល​ក្រោម​ការ​បញ្ជា​របស់​លោក​ឱ្យ​ទៅ​លុកលុយ​ប្រទេស​អ៊ុយក្រែន។ លោក ពូទីន បាន​ហៅ​បទបញ្ជា​របស់​លោក​ថា​ជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​ជា​ការ​វាយ​បំបាក់​កម្លាំង និង​រចនាសម្ព័ន្ធ​យោធា​របស់​ណាហ្ស៊ី​ដែល​មាន​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

លោក វ្ល៉ាឌីមៀរ ពូទីន បាន​អះអាង​ថា ប្រតិបត្តិការ​ពិសេស​នៅ​អ៊ុយក្រែន គឺជា​រឿង​ចាំបាច់​ត្រូវតែ​ធ្វើ ដោយសារតែ​ក្រុម​លោក​បស្ចិម​ប្រទេស​បាន​បង្ក​ការ​គំរាមកំហែង​ដល់​តំបន់​ព្រំដែន និង​ត្រៀម​ខ្លួន​ឈ្លានពាន​រុស្ស៊ី។

លោក ពូទីន ធ្វើការ​កត់សម្គាល់​ទៀត​ថា បណ្ដា​ប្រទេស​អង្គការ​ណាតូ (NATO) មិន​ចង់​ស្ដាប់​រុស្ស៊ី​ឡើយ ហើយ​ជា​ការពិត​ណាស់ ពួកគេ​មាន​ផែនការ​ផ្សេង​ជាច្រើន​ក្នុង​នោះ​រួម​មាន ទាំង​ការ​រៀបចំ​ជាច្រើន​ដែល​កំពុង​ធ្វើឡើង​ក្នុង​តំបន់​ដុនបាស់ និង​ការ​ឈ្លានពាន​ទឹកដី​ជា​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី ដូចជា​តំបន់​គ្រីមៀរ ជាដើម។

លោក​បញ្ជាក់​ថា នៅ​ក្នុង​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន ពួកគេ​បាន​ប្រកាស​ពី​លទ្ធភាព​នៃ​ការ​ទទួល​បាន​អាវុធ​គ្រប់​ប្រភេទ​ដើម្បី​មក​ច្បាំង​នឹង​រុស្ស៊ី។ ចំណែក​ក្រុម NATO ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​យោធា​គ្រប់គ្រង​ទឹកដី​ដែល​នៅ​ជិត​ព្រំដែន​របស់​រុស្ស៊ី ដែល​នេះ​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ឡើយ។ ដូច្នេះ រុស្ស៊ី​ចាំបាច់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ និង​ទាំង​បង្ខំ​ដើម្បី​រារាំង​ពួក​ឈ្លានពាន និង​ការ​គំរាមកំហែង​មក​លើ​រុស្ស៊ី។

សារ​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ បាន​ថ្លែង​បន្ត​ថា ការ​ដែល​កងទ័ព​រុស្ស៊ី​ត្រូវ​សម្រុក​វាយ​កាន់កាប់​ដំបន់​ដុនបាស់ គឺ​ជា​ការ​វាយ​ការពារ​មាតុភូមិ និង​ជាតិ​សាសន៍​រុស្ស៊ី។

តែ​យ៉ាងណា សុន្ទរកថា​របស់​លោក ពូទីន មិន​បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ធំ​ដុំ​ណា​មួយ​ទៀត​នោះ​ទេ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយក្រែន ហើយ​ក៏​មិន​បាន​ប្រកាស​ថា កងទ័ព​រុស្ស៊ី​បាន​ជោគជ័យ​លើ​ការ​វាយ​កាន់កាប់ និង​ផ្ដួល​រំលំ​របប​លោក​ប្រធានាធិបតី​អ៊ុយក្រែន​នោះ​ដែរ។

តែ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ដែល​បាន​ផ្ញើ​សារ​អបអរ​សាទរ​ទិវា ៩​ឧសភា ផង​ដែរ លោក​ថ្លែង​ថា សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី គឺ​អ៊ុយក្រែន​នឹង​មិន​បោះបង់​ទឹកដី​មួយ​ផ្នែក​ណា​របស់​ខ្លួន​ដាច់ខាត។ មិន​តែប៉ុណ្ណោះ លោក​ថ្លែង​ថា កងទ័ព​អ៊ុយក្រែន​កំពុង​តស៊ូ​ប្រយុទ្ធ និង​កំពុងតែ​ស្ថិតនៅ​លើ​ផ្លូវ​ទៅ​កាន់​ជ័យជម្នះ។ លោក​បន្ថែម​ថា ប្រជាជន​អ៊ុយក្រែន​ធ្លាប់​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​ជាច្រើន​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស។ ដូច្នេះ ប្រជាជន​អ៊ុយក្រែន​មិន​មាន​ភាព​តក់ស្លុត​នៃ​សង្គ្រាម​ឈ្លានពាន​នេះ​ទេ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ក៏​បាន​ថ្លែង​ដឹងគុណ​អំពី​វីរភាព​ចំពោះ​បុព្វបុរស​អ៊ុយក្រែន ដែល​បាន​ធ្វើ​ពលី​ជីវិត​ដើម្បី​កម្ចាត់​ក្រុម​ណាហ្ស៉ី ហើយ​ប្ដេជ្ញា​ថា​មិន​អនុញ្ញាត​ឲ្យ​ក្រុម​នេះ​យក​ឈ្នះ​លើ​ទឹកដី​អ៊ុយក្រែន​បាន​ឡើយ។ តែ​សម្រាប់​លោក ពូទីន វិញ បាន​ហៅ​សង្គ្រាម​របស់​លោក​ទៅលើ​ទឹកដី​អ៊ុយក្រែន​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​ប៉ុណ្ណោះ។ យ៉ាងណា សម្រាប់​ក្រុម​បស្ចិម​ប្រទេស​ចាត់ទុក​ថា​ជា​ការ​ឈ្លានពាន។

ទាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នាយករដ្ឋមន្ត្រី​អង់គ្លេស នាយករដ្ឋមន្ត្រី​ប្រទេស​កាណាដា ប្រធានាធិបតី​ប៉ូឡូញ ជាដើម បាន​ហៅ​លោក ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ករណី​ឈ្លានពាន ព្រោះ​តែ​ជន​ស៊ីវិល​អ៊ុយក្រែន​ស្លាប់​យ៉ាង​រង្គាល​ក្រោម​គ្រាប់​កាំភ្លើង​របស់​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស