28 C
Phnom Penh

កូនប្រុស​អតីត​ជន​ផ្ដាច់ការ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បោះឆ្នោត​នៅ​ប្រទេស​ហ្វីលីពីន ដែល​មាន​ទាំង​ការ​បោះឆ្នោត​ប្រធានាធិបតី អនុ​ប្រធានាធិបតី សមាជិក​ព្រឹទ្ធសភា សមាជិក​សភា និង​អភិបាល​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស បាន​បិទ​បញ្ចប់​ហើយ។

ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ដោយ​ប្រើ​ពេលវេលា​សឹង​ពេញ​មួយ​ថ្ងៃ។ អ្វី​ជា​ការ​ចាប់អារម្មណ៍​ខ្លាំង​ការ​បោះឆ្នោត​សម្រាប់​ជ្រើសរើស​តំណែង​ប្រធានាធិបតី​ថ្មី​ជំនួស​លោក Rodrigo Duterte ដែល​ត្រូវ​ចាកចេញ​ពី​តំណែង​នៅ​ក្រោម​អាណត្តិ​រដ្ឋធម្មនុញ្ញ​ដែល​ផ្ដល់​ឱកាស​ឱ្យ​អ្នក​នយោបាយ​ហ្វីលីពីន កាន់​អំណាច​បាន​តែ ៦​ឆ្នាំ​ក្នុង​មួយ​អាណត្តិ​តែប៉ុណ្ណោះ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​ថា បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​មាន ១០​រូប ប៉ុន្តែ​មាន​តែ ៥​រូប​ប៉ុណ្ណោះ​ដែល​លេចធ្លោ​ជាងគេ។ ទោះជា​បែប​នេះ​ក្តី ដល់​ថ្ងៃ​លទ្ធផល​បោះឆ្នោត គឺ​មាន​តែ​បេក្ខជន ២​រូប​ប៉ុណ្ណោះ​ដែល​មាន​សន្លឹកឆ្នោត​រាប់​បាន​ច្រើន​ជាងគេ។

បេក្ខជន​ទាំង​ពីរ​រូប​នោះ គឺ​លោក Ferdinand Bongbong Marcos Jr ជា​កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ទសវត្ស​១៩៧០ និង​១៩៨០ និង​គូប្រជែង​របស់​គាត់ គឺ​អ្នកស្រី Leni Robredo ជា​អនុ​ប្រធានាធិបតី​នៅ​ក្រោម​លោក Rodrigo Duterte។

តាម​លទ្ធផល​បោះឆ្នោត គឺ Bongbong Marcos ត្រូវ​បាន​ឱ្យ​ដឹង​ថា លោក​បាន​ឈ្នះ​ឆ្នោត គឺ​ឈ្នះ​ភ្លូកទឹក​ភ្លូកដី។ លទ្ធផល​នេះ ទោះជា​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ក៏ដោយ តែ​រហូត​មក​ដល់​ពេលនេះ សមាជិក​ព្រឹទ្ធសភា​វ័យ ៦៤​ឆ្នាំ​រូប​នេះ​បាន​ឈ្នះ​ឆ្នោត​ដោយ​បាន​សំឡេង ៥៦% នៃ​ការ​បោះឆ្នោត​ធៀប​នឹង ២៨% សម្រាប់​គូប្រជែង គឺ​អ្នកស្រី Leni Robredo។

ជ័យជម្នះ​របស់​លោក Marcos នឹង​នាំ​ឲ្យ​ត្រកូល​របស់​គ្រួសារ​ធ្លាប់​កាន់​អំណាច​ផ្ដាច់ការ ២១​ឆ្នាំ​របស់​ឪពុក​គាត់​អាច​ឡើង​កាន់​អំណាច​វិញ​ក្នុង​រយៈពេល ៣៦​ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​ទម្លាក់​ដោយ​បដិវត្តន៍​អំណាច​មហាជន​កាលពី​ឆ្នាំ​១៩៨៦។ ស្ត្រី​ម្នាក់​ដែល​បាន​ឡើង​កាន់​អំណាច​តាមរយៈ​ការ​បោះឆ្នោត​ជំនួស​ឪពុក​របស់​លោក Bongbong គឺ​អ្នកស្រី កូរ៉ាហ្សូន អាគីណូ។

នៅ​ពេលនេះ កូនប្រុស​របស់​ជន​ផ្ដាច់ការ​បាន​ឈាន​ឆ្ពោះ​ទៅ​កាន់​អំណាច​ឡើងវិញ។ អ្នកវិភាគ​នយោបាយ​ហ្វីលីពីន មើល​ឃើញ​ថា លោក Bongbong Marcos បាន​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​គ្មាន​តម្លាភាព។ លោក​មិន​ព្រម​ផ្តល់​សម្ភាស​ជាមួយ​អ្នកកាសែត ហើយ​បាន​ជៀសវាង​ការ​សួរ​ដេញដោល​អំពី​ទស្សនៈ​គំនិត​ដឹកនាំ​ប្រទេស​របស់​លោក ដែល​បារម្ភ​ថា លោក​អាច​នឹង​ដើរ​តាម​ដានជើង​ឪពុក​របស់​លោក។

ក្នុង​អំឡុង​នៃ​ការ​ឃោសនា​បោះឆ្នោត លោក Bongbong Marcos បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​យ៉ាង​ច្រើន​លើសលប់។ បើ​នៅ​លើ​បណ្ដាញ Youtube វិញ លោក​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​របស់​លោក​ដើម្បី​ទាក់ទាញ​ចិត្ត​យុវជន​ហ្វីលីពីន។ យុទ្ធសាស្ត្រ​នេះ បាន​ទាក់​ចិត្ត​យុវជន​ជាច្រើន​ឲ្យ​គាំទ្រ​រូបលោក។ ប៉ុន្តែ​សំឡេង​ឆ្នោត​របស់​លោក Bongbong Marcos ដែល​បាន​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​លោក​ឈរ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី គឺ​អាច​មកពី​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​អ្នកស្រី Sara Duterte ជា​កូនស្រី​របស់​ប្រធានាធិបតី Rodrigo Duterte ដែល​ត្រូវ​ចាកចេញ​ពី​តំណែង​តាម​អាណត្តិ​រដ្ឋធម្មនុញ្ញ ក៏​រឹងរឹត​ធ្វើ​ឲ្យ​លោក Bongbong Marcos កាន់​តែ​មាន​សំឡេង​គាំទ្រ​ច្រើន។ អ្នកស្រី Sara Duterte ឈរ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក។

ការ​បោះឆ្នោត​នេះ មាន​ពលរដ្ឋ​ហ្វីលីពីន ប្រមាណ ៦៧​លាន​នាក់​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ បើ​តាម​អ្នក​សង្កេតការណ៍ អត្រា​អ្នក​ចូលរួម​បោះឆ្នោត​មាន​កម្រិត​ខ្ពស់​ខ្លាំង​បើ​ធៀប​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦។

ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា មាន​ចំនួន​ច្រើន ហើយ​ការ​បោះឆ្នោត​អាណត្តិ​មុនៗ​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ត្រូវ​បាន​ចាត់ទុក​ថា​មាន​ភាព​យុត្តិធម៌។ តែ​យ៉ាងណា ប្រទេស​មួយ​នេះ​នៅតែ​ឆ្លងកាត់​ការ​បោះឆ្នោត​ក្នុង​បរិយាកាស​ហិង្សា​នៅ​តំបន់​មួយ​ចំនួន។ ក្រុម​មន្ត្រី​បោះឆ្នោត​បាន​និយាយ​ថា ឧប្បត្តិហេតុ​នៃ​អំពើ​ហិង្សា​មួយ​បាន​កើតមាន​ឡើង​ទៅលើ​ការិយាល័យ​បោះឆ្នោត បាន​បណ្ដាល​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​យ៉ាងតិច​បី​នាក់​បាន​ស្លាប់។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ឲ្យ​ដឹង​ថា ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​បើក​ការ​បាញ់​រះ​ទៅលើ​ការិយាល័យ​បោះឆ្នោត​នៅ​ស្រុក Buluan នៅ​កោះ Mindanao ដែល​ជា​សម្បុក​នៃ​ក្រុម​ប្រដាប់​អាវុធ និង​ក្រុម​បះបោរ​កុម្មុយនីស្ត​អ៊ីស្លាម​ជ្រុល​និយម។

ចំណែក​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត​ដែល​ខូច​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន និង​ករណី​មាន​ការ​ចោទ​ថា​មាន​ការ​ទិញ​សន្លឹកឆ្នោត​ដែល​នាំ​ឱ្យ​មាន​ការ​តវ៉ា​តំបន់​ទាំងនោះ​ឲ្យ​មាន​ការ​រាប់​សន្លឹកឆ្នោត ឬ​ក៏​មាន​ការ​បោះឆ្នោត​ឡើងវិញ។ តែ​ក្រុម​មន្ត្រី​បោះឆ្នោត​ថា​កំពុងតែ​ពិនិត្យ​ករណី​នេះ​ឡើងវិញ។

ក្រុម​អ្នក​សង្កេតការណ៍​យល់​ថា លទ្ធផល​ដែល​នាំ​ឱ្យ​លោក Bongbong Marcos បាន​ជ័យជម្នះ​នេះ មើល​ទៅ​ដូចជា​កើត​ជួន​នឹង​ការ​ហៅ​របស់​លោក Bongbong ថា​ការ​គ្រប់គ្រង​របស់​ឪពុក​គាត់ គឺជា​យុគសម័យ​មាស​សម្រាប់​ប្រទេស​ហ្វីលីពីន ដោយ​បាន​លាង​ជម្រះ​នូវ​សម័យកាល​នៃ​អំពើពុករលួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​ភាព​ក្រីក្រ​រីក​រាលដាល​របស់​ប្រជាជន។

ឪពុក​របស់​លោក Bongbong គឺ​លោក Ferdinand Marcos ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន នៅ​ឆ្នាំ​១៩៦៥។ បុរស​ខ្លាំង​រូប​នេះ​បាន​ដាក់​ប្រទេស​ស្ថិត​ក្នុង​ច្បាប់​អាជ្ញាសឹក​នៅ​ឆ្នាំ​១៩៧២ ដោយ​បាន​ចាប់​អ្នក​ប្រឆាំង និង​អ្នក​រិះគន់​រាប់​ពាន់​នាក់​ចាប់​ដាក់​គុក និង​សម្លាប់។ នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត លោក Bongbong បាន​អះអាង​ថា នៅ​ពេល​នោះ បើ​ឪពុក​លោក​មិន​ដាក់​ប្រទេស​ក្នុង​ច្បាប់​អាជ្ញាសឹក គឺ​ប្រទេស​នឹង​ធ្លាក់​ក្រោម​ពួក​កុម្មុយនីស្ត។

លោក Ferdinand Marcos បាន​ស្លាប់​នៅ​ឆ្នាំ​១៩៨៩ ហើយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ Imelda ត្រូវ​បាន​ចោទ​ថា​បាន​លួច​លុយ​ប្រហែល ១០​ពាន់​លាន​ដុល្លារ​ពី​ឃ្លាំងប្រាក់​របស់​ប្រទេស​ហ្វីលីពីន។ ទ្រព្យ​ទាំងនេះ បើទោះបី​រដ្ឋាភិបាល​អ្នកស្រី កូរ៉ាហ្សូន អាគីណូ បាន​រឹបអូស​ក៏ដោយ តែ​នៅតែ​មិន​អស់​ពី​ដៃ​អ្នកស្រី Imelda ព្រោះ​គ្រួសារ​នេះ​បាន​បង្វិល​ប្រាក់​មួយ​ចំនួន​ដាក់​នៅ​ធនាគារ​ក្រៅ​ប្រទេស​រួច​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស