36 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ក្រោយ​កិច្ចប្រជុំ​អាស៊ាន-អាមេរិក ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅតែ​គ្មាន​ភាព​ល្អ​ប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ព្យាករ​ថា ក្រោយ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ខាងមុខ នោះ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅតែ​មិន​អាច​ស្ដារ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​បាន ដោយសារតែ​មេដឹកនាំ​ខ្មែរ​កំពុង​ឈាន​ជើង​ចូល​កាន់តែ​ជ្រៅ​ក្នុង​នយោបាយ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៩ ឧសភា ថា សហរដ្ឋ​អាមេរិក​គ្មាន​គោល​បំណង​កេង​ចំណេញ ឬ​មាន​ផែនការ​បំផ្លាញ​នយោបាយ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​តែង​បំផ្លាញ​ខ្លួនឯង​តាមរយៈ​នៃ​ការ​ដឹកនាំ​របស់​មេដឹកនាំ​ដែល​ដឹងគុណ​អ្នក​បំផ្លាញ​ខ្លួន ដូចជា​វៀតណាម និង​ចិន ហើយ​នាំគ្នា​ស្អប់ វាយប្រហារ និង​រិះគន់​អ្នក​ជួយ​ខ្លួន ដូចជា​សហរដ្ឋ​អាមេរិក​ទៅវិញ។

លោក សុខ សុគន្ធ លើកឡើង​ថា កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​មែន​គ្រាន់​តែ​មាន​ហានិភ័យ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​នោះ​ទេ បើ​ទោះបីជា​កម្ពុជា​កំពុង​ធ្លាក់​ខ្លួន​ជា​កូនបំណុល​ចិន ដែល​មិន​អាច​នឹង​មាន​អ្វី​សង​ចិន ក្រៅពី​កាត់​ទឹកដី​របស់​កម្ពុជា​ឱ្យ​ទៅ​ចិន​ដើម្បី​សង​នៅពេល​ចិន​ទាមទារ​ក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​សម្រាប់​កម្ពុជា​នោះ គឺ​កម្ពុជា​ជា​កូន​កោះ​មួយ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​នយោបាយ​ដែល​ចិន​កំពុង​ត្រូវការ​ក្តោប​ក្តាប់ តាមរយៈ​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ខណៈ​កម្ពុជា​កាន់តែ​ផ្តួល​ខ្លួន​ពឹងផ្អែក​ចិន​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ពេលនេះ។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​ដឹកនាំ​នយោបាយ​បែប​ក្រឡេចក្រឡុច​ដែល​គ្មាន​ជំហរ​ច្បាស់លាស់ ហើយ​បញ្ហា​នេះ​នឹង​នាំ​កម្ពុជា​ទៅ​រក​ហានិភ័យ​នៅ​ថ្ងៃ​អនាគត​យ៉ាង​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភូមិសាស្ត្រ​នយោបាយ​ផុយ​ស្រួយ​ដែល​មហាអំណាច​កុម្មុយនីស្ត​ចង់​បាន​ធ្វើជា​បង្អែក​របស់​ខ្លួន ក្នុង​ការ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​មួយ​ថ្ងៃ​មុន​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចូលរួម​ធ្វើ​សហប្រធាន​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ជាមួយ​លោក ចូ បៃដិន នៅ​ថ្ងៃ​ព្រហស្បតិ៍ ចុង​សប្តាហ៍​នេះ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ចិន​បាន​លូក​ដៃ​យ៉ាង​ជ្រៅ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា គឺ​នៅ​ពេល​ដែល​ចិន​បាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា កាលពី​ពេល​កន្លងទៅ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ ហើយ​ជំនួស​មកវិញ​នូវ​គំរូ​នៃ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ដូច​ដែល​ចិន បាន​អនុវត្ត​ក្នុង​ប្រទេស​របស់​ពួកគេ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទម្លាក់​ចោល​បទ​ចោទ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ជម្រះ​ពី​ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក ជុំវិញ​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹកដី​កម្ពុជា​ឱ្យ​ជ្រះស្រឡះ​ទេ​នោះ។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក កឹម សុខា នៅតែ​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ នោះ​គឺ​ស្មើ​នឹង​រដ្ឋាភិបាល​កម្ពុជា​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ពី​បទ​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ដូច្នោះ​ដែរ ខណៈ​ចិន​បាន​ចេញ​មុខ​គាំទ្រ​លើ​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ពេញ​មុខ​លើ​បញ្ហា​នេះ។

កាលពី​អំឡុង​ឆ្នាំ​២០១៨ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Mike Pence ធ្លាប់​បាន​សរសេរ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ទៅ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដោយ​បង្ហាញ​អំពី​កង្វល់​ចម្បង​បំផុត​នៃ​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា និង​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ផ្តល់​មូលដ្ឋាន​តំបន់​រាម​ឱ្យ​កងទ័ព​ជើងទឹក​ចិន​ឈរ​ជើង​មែន​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដោយ​ចៀស​មិន​ផុត​នោះ​ទេ ខណៈ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​បដិសេធ​ពី​ការ​សង្ស័យ​នេះ​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស