38 C
Phnom Penh

តើ​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​មាន​ប៉ុន្មាន​យ៉ាង ហើយ​មាន​ប្រសិទ្ធភាព​ប៉ុនណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ពិភពលោក​នេះ ប្រទេស​ទទួល​រង​ទណ្ឌកម្ម គឺ​ប្រទេស​ដែល​មាន​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស ឬ​ទន្ទ្រាន​ឈ្លានពាន​ត្រួតត្រា​កាន់កាប់ រំលោភ​អធិបតេយ្យ ឯករាជភាព បូរណភាព​ដែនដី​ប្រទេស​ដទៃ។ ទណ្ឌកម្ម​មាន​ពី​អង្គការ​សហប្រជាជាតិ តាម​សេចក្តី​សម្រេច​ពី​ក្រុមប្រឹក្សា​សន្តិសុខ ឬ​ពី​ប្រទេស​មហាអំណាច​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​មាន​ទំហំ​ធំ។

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ទណ្ឌកម្ម​នៃ​បស្ចិម​ប្រទេស​លើ​ប្រទេស​រុស្ស៊ី ក្រោយពី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​តើ​មាន​ឥទ្ធិពល និង​ប្រសិទ្ធភាព​កម្រិត​ណា។

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហាអំណាច​មាន​ធនធាន​ដ៏​សម្បើម​អស្ចារ្យ មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​សកលលោក មាន​អាវុធ​យុទ្ធភណ្ឌ​ទំនើប​ជាងគេ​ក្នុង​សកលលោក។ ដោយសារតែ​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​លោក ហើយ​ប្រទេស​តូចៗ​មិន​សូវ​ជឿនលឿន ច្រើន​តែ​ពឹងពាក់​លើ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រើ​ទីផ្សារ​លក់​ទំនិញ ជាពិសេស​គ្រឿង​សម្លៀកបំពាក់។ ព្រោះតែ​ទំហំ​ផលិតកម្ម​ធំ ឬ​ខ្លាំង​ជាងគេ​បំផុត ផល​ទុន​ក្នុង​ស្រុក​សរុប ឬ GDP ក្នុង​ឆ្នាំ​២០២០ ដែល​ជា​ឆ្នាំ​មាន​ជំងឺ​រាតត្បាត​កូវីដ-១៩ មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ២១​លាន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ហៅថា ២១ ធ្រៀលល្យ៉ុន (21 trillion)។

បើ​គេ​និយាយ​អំពី​ទំហំ​សេដ្ឋកិច្ច ទំហំ​ធនធាន​បម្រុង​ទុក​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ (sovereign state) សហរដ្ឋ​អាមេរិក​មិន​ត្រូវការ​ពឹងពាក់​ប្រទេស​ណា​មួយ​ដើម្បី​រស់រាន​នោះ​ឡើយ។ ទោះជា​ដូច្នេះ​ក្តី សហរដ្ឋ​អាមេរិក ត្រូវការ​ទិញ​វត្ថុ​ធាតុ​ដើម​ខ្លះ​ពី​ប្រទេស​ដទៃ​សម្រាប់​រោងចក្រ​ផលិតកម្ម​មួយ​ចំនួន។ នេះ​ជា​ការ​ដោះដូរ​ទំនិញ (commodity exchange) គិត​តម្លៃ​ទូទាត់​ជា​ដុល្លារ​អាមេរិក​ភ្លាមៗ ឬ​ទុក​ដល់​ថ្ងៃ​មុខ​តាម​ការកំណត់​តម្លៃ និង​ថ្ងៃ​ដោះដូរ (futures trade)។

ក្រៅពី​នេះ សហរដ្ឋ​អាមេរិក​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ដទៃ​តាម​របៀប​អាហរ័ណ-នីហរ័ណ (នាំចេញ​នាំចូល) ហៅថា​ពាណិជ្ជការ ឬ​ពាណិជ្ជកម្ម៖ សហរដ្ឋ​អាមេរិក​ត្រូវការ​លក់​ផលិតផល​របស់​ខ្លួន រីឯ​ប្រទេស​ដទៃ​ត្រូវការ​នាំ​ទំនិញ​ទៅ​លក់​ក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក ព្រោះ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ប្រើ​រូបិយប័ណ្ណ​ថ្លៃ គឺ​ដុល្លារ​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​មាន​មាស​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ស្តុក​ទុក​បម្រុង​នៅ​បី​កន្លែង​ក្នុង​រដ្ឋ​បី គិត​ជា​ទម្ងន់​មាន ៨១៣៣​តោន គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១ គិត​ជា​តម្លៃ​ស្មើ​នឹង ៣៧៣​ពាន់​លាន​ដុល្លារ មាន​រូបិយប័ណ្ណ​តម្កល់​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ចំនួន ៣៤​ពាន់ ៨០០​លាន​ដុល្លារ គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០២២។

លើស​ពី​នេះ​ទៀត មាន​រូបិយប័ណ្ណ​ត្រូវ​ដូរ​ពី​រូបិយប័ណ្ណ​បរទេស​មាន​ទ្រព្យ​សម្បត្តិ​ជាច្រើន​ពាន់​លាន​ដុល្លារ​នៅ​ពាសពេញ​សហរដ្ឋ​អាមេរិក និង​ក្នុង​ពិភពលោក។ ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុង​ប្រទេស​ដប់​លើ​ពិភពលោក៖

  • សហរដ្ឋ​អាមេរិក​ស្ថិតនៅ​លំដាប់​ទី​១ មាន​មាស​ច្រើន​ជាងគេ
  • ទី​២ អាល្លឺម៉ង់ មាន​មាស ៣៣៥៩​តោន
  • អ៊ីតាលី ទី​៣ មាន​មាស ២៤៥២​តោន
  • បារាំង ២៤៣៦​តោន
  • រុស្ស៊ី​មាន ២២៩៩​តោន
  • ចិន​មាន ១៩៤៨​តោន
  • ស្វីស មាន ១០៤០​តោន
  • ជប៉ុន មាន ៨៤៦​តោន
  • ឥណ្ឌា មាន ៧៥៤​តោន
  • ហុឡង់ដ៍ មាន ៣១២​តោន
  • រាជាណាចក្រ​កម្ពុជា មាន​មាស​ប្រមាណ​ជាង ៥០​តោន។

គេ​អាច​និយាយ​ឥត​ខុស​ថា ព្រោះ​តែ​សហរដ្ឋ​អាមេរិក​ជា​មហាអំណាច ទាំង​សេដ្ឋកិច្ច ទាំង​យោធា​បែប​នេះ​ហើយ បាន​ជា​គេ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ពិភពលោក​នេះ ប៉ុន្តែ​អ្នក​ដឹកនាំ​នយោបាយ​អាមេរិកាំង​ដឹង​ច្បាស់​ថា សង្គ្រាម​ធ្វើ​ឲ្យ​ខាតបង់​ទាំងអស់​គ្នា លើកលែងតែ​ក្នុង​ករណី ឬ​ស្ថានការណ៍​ចៀស​មិន​ផុត ដូចជា​ត្រូវ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ ឬ​រដ្ឋ​មួយ​បំពាន​សន្ធិសញ្ញា​អន្តរជាតិ បង្ក​អសន្តិសុខ ឬ​គ្រោះថ្នាក់​ដល់​សន្តិសុខ​ពិភពលោក។

ទោះជា​យ៉ាងណាមិញ សហរដ្ឋ​អាមេរិក​ព្យាយាម​ប្រើ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន​មុន ដោយ​សហការ​នឹង​ប្រទេស​ជា​មិត្ត ជា​ដៃគូ និង​សម្ព័ន្ធមិត្ត​ដែល​ខ្លួន​មាន​ទាំង​អម្បាលម៉ាន​លើ​ពិភពលោក ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណា​ដែល​រំលោភ​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ។

គេ​សួរ​ថា តើ​ទណ្ឌកម្ម​អាច​មាន​ប្រសិទ្ធភាព​ឬ​ទេ?

យើង​ធ្លាប់​ឃើញ​កន្លងមក​ថា ទណ្ឌកម្ម​លើ​ប្រទេស​ខ្លះ​ហាក់បីដូចជា​ពុំ​មាន​ប្រសិទ្ធភាព ដូចជា​ថា​គេ​គាប​ខាង​នេះ មនុស្ស​មាន​ល្បិច​គេច​ទៅ​ខាង​នោះ ជាដើម។

តាម​លំនាំ​ធ្វើ​ទណ្ឌកម្ម​ដាក់​ប្រទេស​ណា​មួយ ឬ​មេដឹកនាំ​ប្រទេស​ណា​មួយ គេ​ផ្តើម​ទៅ​តាម​លំដាប់​ទម្ងន់ ឬ​ទំហំ​នៃ​ប្រទេស​នោះ។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នានា​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ហើយ​និង​សហភាព​អឺរ៉ុប។ ប្រទេស​កម្ពុជា​ក៏​ធ្លាប់​ជាប់​ក្នុង​ទណ្ឌកម្ម​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ដែរ។ ទណ្ឌកម្ម​មាន​ពីរ​សណ្ឋាន​ធំៗ sanction and embargo ដែល​ប្រទេស​មហាអំណាច​ប្រើ​ជា​មធ្យោបាយ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស ស្ថាប័ន រដ្ឋាភិបាល របប​គ្រប់គ្រង បុគ្គល ឬ​ក្រុម​មនុស្ស​ដើរ​ផ្ទុយ​ពី​បំណង​គេ។ ទណ្ឌកម្ម​ទាំង​ពីរ​សណ្ឋាន​នេះ​ចែក​ជា​ផ្នែក​តូចៗ​តទៅទៀត។

ទណ្ឌកម្ម​បែប sanction ដាក់​ចំពោះ​ប្រទេស គឺ​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​នយោបាយ ការទូត ហាមប្រាម​ទំនាក់ទំនង​សេដ្ឋកិច្ច និង​មុខជំនួញ​មួយ​ផ្នែក ឬ​ទាំងស្រុង៖ ផ្នែក​យោធា និង​បច្ចេកវិទ្យា មាន​ដូចជា​ការ​មិន​អនុញ្ញាត​ឲ្យ​ផ្លាស់ប្ដូរ​ទាហាន​សិក្សា​តាម​សាលា​ទៅវិញ​ទៅមក ឬ​ផ្ទេរ​បច្ចេកវិទ្យា។ ពេល​ខ្លះ គេ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ដូចជា​មន្ត្រី​ជាន់ខ្ពស់​នៅ​រុស្ស៊ី ១០​នាក់ មន្ត្រី​បេឡារុស្ស មន្ត្រី​យោធា ប៉ូលិស​ខ្មែរ ១២​នាក់ ជាដើម។ ទណ្ឌកម្ម​បែប sanction មាន​ពេល​ខ្លះ​គេ​ទុក​ច្រក​ចរាចរណ៍​ជំនួញ​លើ​មុខទំនិញ​ខ្លះ​សម្រាប់​អាហរ័ណ​នីហរ័ណ

ទណ្ឌកម្ម​បែប embargo ជា​ប្រភេទ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង គឺ​បិទ​ទំនាក់ទំនង​គ្នា​លើ​គ្រប់​វិស័យ​ធំៗ​ទាំងអស់ គឺ​ទាក់ទង​នឹង​ជំនួញ​គ្រប់​បែប​ខាង​សេដ្ឋកិច្ច ខាង​យោធា ខាង​បច្ចេកវិទ្យា និង​ខាង​ការទូត ហើយ​រហូត​ដល់​ទៅ blockade ដូចជា​ហាម​មិន​ឲ្យ​យន្តហោះ​ឆ្លងកាត់​ដែនអាកាស ឆ្លងកាត់​ដែនទឹក​ទៀត​ផង។ ប្រទេស​កូរ៉េ​ខាងជើង​ជាប់​ទណ្ឌកម្ម sanction ផង embargo ផង។ ចំណែក​ឯ​ប្រទេស​កម្ពុជា និង​យៀកណាម ក្នុង​ទសវត្ស​១៩៨០ ក៏​ជាប់​ទណ្ឌកម្ម​ដូច​កូរ៉េ​ខាងជើង​ដែរ។

រុស្ស៊ី​នៅ​ជា​មហាអំណាច​មួយ​ក្នុង​លោក​ដោយសារ​មាន​គ្រឿង​សព្វាវុធ អាវុធ​ប្រល័យ​លោក​សេសសល់​ពី​អតីត​សហភាព​សូវៀត។ ចំណែក​ឯ​សេដ្ឋកិច្ច​វិញ យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ World Economic Data នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស មាន​ការ​ជឿនលឿន​មិន​ចាញ់​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ក្នុង​អង្គការ​សម្ពន្ធភាព​យោធា​អូតង់ ឬ​ណាតូ​នោះ​ទេ។ ប៉ុន្តែ GDP ឬ​ផល​ទុន​ក្នុង​ស្រុក​សរុប​មាន​ទំហំ​តែ​ជាង ៤​លាន​លាន​ដុល្លារ ឬ​ជាង ៤​ធ្រៀលល្យ៉ុន ដែល​ប្រហែល​នឹង​សេដ្ឋកិច្ច​នៃ​រដ្ឋ​ញីវយ៉ក របស់​សហរដ្ឋ​អាមេរិក​តែប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២១។ សូម​បញ្ជាក់​ថា តាម​ក្បួន​គណនា​អាមេរិកាំង លេខ​ដល់​ចំនួន​ធ្រៀលល្យ៉ុន​មាន​សូន្យ​១២។

ក្រោយ​ការ​វាយលុក​លុយ​ឈ្លានពាន​កាន់កាប់​ប្រទេស​អ៊ុយក្រែន​ដោយ​ខុសច្បាប់​អន្តរជាតិ រុស្ស៊ី​ទទួល​រង​ទណ្ឌកម្ម​បែប sanction ពីរ​ប្រភេទ​ពី​សហរដ្ឋ​អាមេរិក សំដៅ​បង្អន់​បន្ថយ​កំណើន​សេដ្ឋកិច្ច​រុស្ស៊ី គឺ​បិទ​មិន​ឲ្យ​មាន​ជំនួញ​អាហរ័ណ-នីហរ័ណ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត៖ បិទ​មិន​ទិញ​ប្រេងកាត ឧស្ម័ន ជីរ ត្បូង​ពេជ្រ​រុស្ស៊ី មិន​ឲ្យ​យន្តហោះ​ស៊ីវិល អាអេរ៉ូហ្វ័ឡុត ហោះ​ចេញចូល​ចុះ​ឡើង​នៅ​អឺរ៉ុប និង​អាមេរិក​ខាងជើង

បន្ទាប់មក បស្ចិម​ប្រទេស​ដាក់​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​សំដៅ​បិទ​មិន​ឲ្យ​មាន​សកម្មភាព​បញ្ចេញ​បញ្ចូល ផ្ទេរ​ប្រាក់​តាម​ធនាគារ​អន្តរជាតិ បិទ​មិន​ឲ្យ​រុស្ស៊ី​យក​មាស​តម្កល់​ទុក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សង្គ្រាម បង្ខាំង​ទ្រព្យសម្បត្តិ​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) និង​ពួក​មហាសេដ្ឋី​រកស៊ី​ពុករលួយ​ជិតស្និទ្ធ​នឹង​លោក ពូទីន នៅ​គ្រប់​ទីកន្លែង។ ព្រោះតែ​ទណ្ឌកម្ម​ទាំង​ពីរ​ប្រភេទ​នេះ ដែល​បណ្តាល​ឲ្យ​ស្ទះ​ចរន្ត​ទូទាត់​ផ្ទេរ​ប្រាក់ រដ្ឋាភិបាល​ក្រុង​មូស្គូ ស្ទើរតែ​រក​ប្រាក់​សង​បំណុល​បរទេស​មិន​ទាន់​ពេលវេលា។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin)។

ទណ្ឌកម្ម​ខាង​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ពី​បស្ចិម​ប្រទេស​លើ​ប្រទេស​រុស្ស៊ី និង​មេដឹកនាំ​ក្រុង​មូស្គូ រួម​ទាំង​ពាណិជ្ជករ​ធំៗ​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី ពូទីន មាន​សេចក្តី​រាយការណ៍​ហូរហែ​ថា មហាសេដ្ឋី​រុស្ស៊ី​ជាច្រើន​រូប​ដើរ​ខ្ចី​បុល​មិត្តភក្ដិ​ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ដែល​បម្រើការ​ក្នុង​នាវា​កម្សាន្ត​ប្រណីតៗ​មាន​តម្លៃ​រាប់​សិប​រាប់​រយ​លាន​ដុល្លារ។ អាជ្ញាធរ​ប្រទេស​ជាច្រើន​បាន​ឃាត់​ទុក​នាវា​របស់​មហាសេដ្ឋី​ទាំងអស់​នោះ​តាម​ប្រទេស​នីមួយៗ។

នាវា​ប្រណីត​ក៏​បន្ត​ដំណើរ​នាវាចរ​ក្នុង​មហាសាគរ​ប៉ាស៊ីហ្វិក ឬ​មហាសាគរ​អាត្លង់ទិច​គ្មាន​ទិសដៅ ឬ​ចត​លាក់​ខ្លួន​នៅ​កំពង់ផែ​កន្លែង​ណា​មួយ​ដោយ​បិទ​សញ្ញា​វិទ្យុ​ទាក់ទង​តាម​ផ្កាយរណប​មិន​ឲ្យ​ដឹង​ពី​ទីតាំង។

មហាសេដ្ឋី​រុស្ស៊ី​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ទណ្ឌកម្ម​បស្ចិម​ប្រទេស មាន​សហរដ្ឋ​អាមេរិក អង់គ្លេស និង​សហភាព​អឺរ៉ុប ហើយ​មាន​កប៉ាល់​ដើរលេង​ប្រណីតៗ​តម្លៃ​មួយៗ​រាប់​រយ​លាន​ដុល្លារ ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ទាំងនោះ​ឃាត់​ទុក។ បន្ថែម​លើ​នេះ​ទៀត មហាសេដ្ឋី​ទាំងនោះ​ក៏​បាន​បង្វែរ​ធនធាន​របស់​ខ្លួន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដើម្បី​គេច​ពី​ទណ្ឌកម្ម។

យោង​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន Bloomberg និង Business Insider ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២២ កប៉ាល់​ទំនើប​របស់​មហាសេដ្ឋី ៥​នាក់​ធ្វើ​ដំណើរ​គេច​ពី​ទណ្ឌកម្ម​ចម្ងាយ​ប្រមាណ​ជិត ៥៨០០​ម៉ាយ ឬ​ជិត ៩៣០០​គីឡូម៉ែត្រ។

តទៅ​នេះ​ជា​រឿង​អនិច្ចា​មហាសេដ្ឋី៖

  • កប៉ាល់​ដ៏​ប្រណីត​មួយ​តម្លៃ ៣៦០​លាន​ដុល្លារ​មាន​ថាមពល​ប្រើ​អាច​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី​ឲ្យ​ទីប្រជុំជន​មួយ​មាន​មនុស្ស​រស់នៅ ២៥០០​នាក់​បាន មាន​ឈ្មោះ​ថា លូណា (Luna) ដែល​មាន​ម្ចាស់​ដើម​ឈ្មោះ Roman Abramovich រួច​ក្រោយ​មក​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី Farkhad Akhmedov កំពុង​ស្ថិត​ក្នុង​ភាព​ប្តឹងផ្តល់​គ្នា។ អតីត​ភរិយា​មហាសេដ្ឋី Akhmedov ឈ្មោះ​អ្នកស្រី Tatiana Akhmedova បាន​ប្តឹង​លែងលះ​ពី​ប្តី Akhmedov ហើយ​តុលាការ​កំពូល​អង់គ្លេស កាត់ក្តី​នៅ​ឆ្នាំ​២០១៧ ឲ្យ​អ្នកស្រី​ឈ្នះ និង​សង​ជំងឺ​ចិត្ត ៤៦០​លាន​ដុល្លារ។ អ្នកស្រី Tatiana សង្ឃឹម​ថា​នឹង​អាច​ទាមទារ​យក​កប៉ាល់​ប្រណីត លូណា តម្លៃ ៣៦០​លាន​នោះ​ពី​អតីត​ស្វាមី។
  • អាជ្ញាធរ​អាមេរិកាំង​កំពុង​ព្យាយាម​ឃាត់​ទុក​មហា​កប៉ាល់​ប្រណីត​ឈ្មោះ Amadea ជា​របស់​មហាសេដ្ឋី Suleiman Karimov ដែល​មាន​តម្លៃ ៣២៥​លាន​ដុល្លារ ប៉ុន្តែ​គេ​ថា សហរដ្ឋ​អាមេរិក​មិន​អាច​ឃាត់​ទុក​រឹបអូស​កប៉ាល់​នោះ​ទេ ព្រោះ​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​ម្នាក់​ទៀត​ឈ្មោះ Eduard Khudainatov ថៅកែ​ក្រុមហ៊ុន​បណ្ដាក់ទុន Millemarin។ ព្រឹត្តិបត្រ Luxurylaunches នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២២ រាយការណ៍​ថា នាវា​ប្រណីត​នោះ​ចេញ​ដំណើរ​ឆ្លងកាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ពី​ប្រទេស​ម៉ិកស៊ិក (អាមេរិក​ខាងជើង) អស់​រយៈពេល ១៨​ថ្ងៃ ប៉ុន្តែ​ប្រទះ​រលក​ធំៗ​ពេក ក៏​ចូល​ចត​នៅ​កោះ​ហ្វីជី (Fiji)។ អាជ្ញាធរ​ហ្វីជី ឃាត់​វា​ទុក​នៅ​ទីនោះ ព្រមទាំង​នាវិក​ផង ដើម្បី​សួរ​ចម្លើយ ហើយ​រង់ចាំ​ប្រគល់​ឲ្យ​សហរដ្ឋ​អាមេរិក។ នេះ​ជា​របៀប​ឆ្លាត​មួយ​បែប​ដែល​ពាណិជ្ជករ​ទុច្ចរិត​អនុវត្ត គឺ​ផ្ទេរ​កម្មសិទ្ធិ​ឲ្យ​អ្នក​ដទៃ​ធ្វើជា​ម្ចាស់ ខណៈ​ខ្លួន​ប្រឈម​នឹង​ច្បាប់ ដើម្បី​រក្សា​ទ្រព្យ​សម្បត្តិ​មិន​ឲ្យ​រដ្ឋ​រឹបអូស។
  • ទូរទស្សន៍ CNN នៅ​ថ្ងៃ​ទី​១៤ មេសា ខែ​មុន ផ្សាយ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​អាល្លឺម៉ង់ បាន​ឃាត់​ទុក​កប៉ាល់​ប្រណីត​តម្លៃ​ពី ៦០០ ទៅ ៧៥០​លាន​ដុល្លារ ឈ្មោះ Dilbar ដែល​គេ​ថា​ជា​របស់​មហាសេដ្ឋី​រុស្ស៊ី ឈ្មោះ Alisher Usmanov។ Alisher Usmanov ជា​ពាណិជ្ជករ​ជិតស្និទ្ធ​នឹង​ប្រធានាធិបតី Vladimir Putin។
  • នៅ​ថ្ងៃ​ទី​៤ មេសា អាជ្ញាធរ​អេស្ប៉ាញ ឃាត់​ទុក​កប៉ាល់​ឈ្មោះ Tango តម្លៃ ៩០​លាន​ដុល្លារ​ជា​របស់​មហាសេដ្ឋី Viktor Vekselberg នៅ​កំពង់ផែ Mallorca។
  • ថ្ងៃ​២៩ មីនា ឆ្នាំ​នេះ អាជ្ញាធរ​អង់គ្លេស​ឃាត់​កប៉ាល់​ប្រណីត​ឈ្មោះ Phi តម្លៃ ៥០​លាន​ដុល្លារ​ជា​របស់​ពាណិជ្ជការ​រុស្ស៊ី​ម្នាក់​នៅ​ក្រុង​ឡុងដ៍។
  • ថ្ងៃ​ទី​២១ មីនា អាជ្ញាធរ​ជីប្រាល់តា (Gibraltar) ឃាត់​ទុក​កប៉ាល់​ប្រណីត​ឈ្មោះ Axioma តម្លៃ ៧៥​លាន​ដុល្លារ​ជា​របស់​មហាសេដ្ឋី Dmitry Pumpyansky។
  • ថ្ងៃ​ទី​១៦ មីនា អាជ្ញាធរ​អេស្ប៉ាញ ឃាត់​ទុក​កប៉ាល់​ប្រណីត​ឈ្មោះ Crescent តម្លៃ ៦០០​លាន​ដុល្លារ​ដែល​គេ​មិន​ទាន់​ស្គាល់​ឈ្មោះ​ម្ចាស់ នៅ​កំពង់ផែ Tarragona។
  • ថ្ងៃ​ទី​១៥ មីនា អាជ្ញាធរ​អេស្ប៉ាញ ឃាត់​ទុក​កប៉ាល់​ប្រណីត​ឈ្មោះ Lady Anastasia តម្លៃ ៧​លាន​ដុល្លារ នៅ​កំពង់ផែ Palma de Mallorca ជា​របស់​មហាសេដ្ឋី Alexander Mikheev។
  • ថ្ងៃ​ទី​១៥ មីនា អាជ្ញាធរ​អេស្ប៉ាញ ឃាត់​ទុក​កប៉ាល់​ប្រណីត​ឈ្មោះ Valerie តម្លៃ ១៤០​លាន​ដុល្លារ ជា​របស់​មហាសេដ្ឋី​ឈ្មោះ Sergei Chemezov នៅ​កំពង់ផែ Barcelona។
  • ថ្ងៃ​ទី​១១ មីនា អាជ្ញាធរ​អ៊ីតាលី ឃាត់​ទុក​កប៉ាល់​ប្រណីត​ឈ្មោះ Sailing Yacht A ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី Andrei Melnichenko តម្លៃ ៥៧៧​លាន​ដុល្លារ នៅ​ក្រុង​កំពង់ផែ Trieste។
  • ថ្ងៃ​ទី​៤ មីនា អាជ្ញាធរ​អ៊ីតាលី ឃាត់​ទុក​កប៉ាល់​ប្រណីត​ឈ្មោះ Lena តម្លៃ ៥៥​លាន​ដុល្លារ​នៅ​ក្រុង​កំពង់ផែ San Remo ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី Gennady Timchenko។
  • ថ្ងៃ​ទី​៤ មីនា អាជ្ញាធរ​អ៊ីតាលី ឃាត់​ទុក​កប៉ាល់​ប្រណីត​ឈ្មោះ Lady M តម្លៃ ៧៥​លាន​ដុល្លារ ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី Alexey Mordaschov នៅ​ក្រុង​កំពង់ផែ Imperia។
  • ថ្ងៃ​ទី​៣ មីនា អាជ្ញាធរ​បារាំង ឃាត់​ទុក​កប៉ាល់​ប្រណីត​ឈ្មោះ Amore Vero តម្លៃ ១២០​លាន​ដុល្លារ ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី Igor Sechin នៅ​ក្រុង​កំពង់ផែ La Ciotat។

មហាសេដ្ឋី​រុស្ស៊ី រង​ទណ្ឌកម្ម​រៀបរាប់​មក​ទាំងអស់​នេះ មិន​ទាន់​អស់​នៅឡើយ​ទេ ព្រោះ​មាន​អ្នក​ខ្លះ​កំពុង​ព្យាយាម​ផ្ទេរ លាក់​ទ្រព្យសម្បត្តិ​ក្រៅ​ប្រទេស ឬ​គេច​ខ្លួន​ទៅ​រក​សញ្ជាតិ​ថ្មី​ឯ​បរទេស។

កប៉ាល់​ប្រណីតៗ​ទាំងអស់​ដែល​អាជ្ញាធរ​ប្រទេស​នីមួយៗ​ឃាត់​ទុក ប្រទេស​ខ្លះ​ដូច​ជា​សហរដ្ឋ​អាមេរិក ជាដើម គេ​នឹង​ដាក់​លក់​ឡាយឡុង​ដោយ​ដេញ​ថ្លៃ​ជា​សាធារណៈ ដើម្បី​យក​ថវិកា​ទៅ​ជួយ​ពលរដ្ឋ​អ៊ុយក្រែន។ មហាសេដ្ឋី​ទាំងនោះ​បាត់បង់​ទ្រព្យសម្បត្តិ​ខំ​រក​មួយ​ជីវិត​តាម​មធ្យោបាយ​ទុច្ចរិត ព្រោះ​តែ​សេពគប់​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​វិមាន​ក្រឹមឡាំង ដែល​សម្រេច​វាសនា​ឲ្យ​ពលរដ្ឋ​រុស្ស៊ី​ធ្លាក់​ក្នុង​ការ​ថ្កោលទោស​ពាសពេញ​ពិភពលោក។

មតិ​ខ្លះ​ថា ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត នឹង​គ្មាន​ប្រយោជន៍ គ្មាន​ឥទ្ធិពល​អ្វី​លើ​ប្រទេស​រុស្ស៊ី​ឡើយ។ យើង​ក៏​រង់ចាំ​មើល ចង់​ដឹង​ដែរ​ថា តើ​ទណ្ឌកម្ម​បើ​គេ​ដាក់​លើ​ប្រទេស​ណា​ឲ្យ​ដល់​កម្រិត អាច​នឹង​មាន​ប្រសិទ្ធភាព ឬ​ក៏​គ្មាន​ប្រសិទ្ធភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស