36 C
Phnom Penh

សភា​បោះឆ្នោត​គាំទ្រ​លោក កែប ជុតិមា ធ្វើជា​ប្រធាន​គណៈកម្មការ​ទី​៤​ជំនួស​លោក ហ៊ុន ណេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​កម្ពុជា​បាន​បោះឆ្នោត​ជ្រើសរើស​លោក កែប ជុតិមា ធ្វើជា​ប្រធាន​គណៈកម្មការ​ទី​៤ ជំនួស​តំណែង​លោក ហ៊ុន ណេង បងប្រុស​របស់​លោក ហ៊ុន សែន ដែល​ទើប​ទទួល​មរណភាព​នា​ពេល​ថ្មីៗ​នេះ។

ការ​បោះឆ្នោត​ជ្រើសរើស​លោក កែប ជុតិមា ធ្វើឡើង​ក្នុង​សម័យ​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ មាន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​សមាជិក​សមាជិកា​រដ្ឋសភា​ចំនួន ១០៦​រូប​ទៀត​ចូលរួម​ផង​ដែរ។

លោក កែប ជុតិមា ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​គណៈកម្មការ​ទី​៩ គឺ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ជា​បេក្ខជន​ប្រធាន​គណៈកម្មការ​ទី​៤ ជំនួស​តំណែង​លោក ហ៊ុន ណេង បងប្រុស​របស់​លោក ហ៊ុន សែន។

លោក កែប ជុតិមា មិន​ត្រឹម​តែ​ជា​អនុប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា​ជាតិ​ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ក្រៅពី​បោះឆ្នោត​ជ្រើសតាំង​លោក កែប ជុតិមា នា​ថ្ងៃ​ទី​១១ ឧសភា នេះ រដ្ឋសភា​កម្ពុជា​ក៏​សម្រេច​ផ្តល់​សុពលភាព​នៃ​អាណត្តិ​របស់​លោក ស្លេះ ពុនយ៉ាម៉ីន ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ជំនួស​លោក ហ៊ុន ណេង ដែល​បាន​ទទួល​មរណភាព ស្រប​ពេល​ដែល​លោក ខឹម ច័ន្ទគិរី ក៏​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​ថែម​ទៀត។

ចំណែក​លោក ពេជ្រ គឹមស្រ៊ាង ត្រូវ​បាន​ជាប់​ឆ្នោត​ជា​អនុប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​ផង​ដែរ។

អតីត​អភិបាល​ខេត្ត​កំពង់ចាម និង​ជា​បងប្រុស​បង្កើត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ណេង បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៣ និង​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម។ លោក​ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា​ជាតិ​រហូត​មក​ដល់​លោក​ទទួល​មរណភាព​ដោយ​ជំងឺ​គាំង​បេះដូង កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស