29.3 C
Phnom Penh

អតីត​មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ជេរ​លោក ហ៊ុន សែន កន្លង​មក​គឺ​តាម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អនុប្រធាន​ផ្នែក​រដ្ឋបាល​គ្រប់គ្រង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) បាន​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ ដោយ​អះអាង​ថា ការ​ជេរ​ប្រមាថ​ទៅលើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កន្លងមក គឺ​ដោយសារតែ​លោក​ទទួល​បាន​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ និង​ជឿ​តាម​ការ​ញុះញង់​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។

អតីត​អនុប្រធាន​ផ្នែក​រដ្ឋបាល​គ្រប់គ្រង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា ​សហរដ្ឋ​អាមេរិក គឺ​លោក យង់ ប្រេឌី ណុយ (Brady Young Noy) បាន​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ការ​ប្រើប្រាស់​ភាសា​មិន​សមរម្យ​នា​ពេល​កន្លងមក ដោយ​ការ​ប្រមាថ​មើលងាយ រិះគន់ និង​វាយប្រហារ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដូចជា​ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ​ឌីអ៊ីនអេ (DNA) របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កាលពី​ជាង ៧​ឆ្នាំ​មុន ជាដើម គឺជា​កំហុស​របស់​លោក​ដែល​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។

លោក យង់ ប្រេឌី ណុយ អះអាង​ថា ដោយសារតែ​លោក​ទទួល​បាន​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ និង​ជឿ​តាម​ការ​ញុះញង់ ការ​លាប​ពណ៌​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ទៅ​តាម​អារម្មណ៍​អគតិ ដែល​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ពី​ការ​ញុះញង់​នេះ។

ការ​ចេញ​លិខិត​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចូលរួម​កម្មវិធី​ជួបជុំ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦ លោក យង់ ប្រេឌី ណុយ ធ្លាប់​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​សមាជិកភាព បន្ទាប់ពី​លោក​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ដោយ​ចោទ​កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ថា​ជា​កូនប្រុស​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ និង​ទាមទារ​ឲ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពិនិត្យ​ឌីអ៊ីនអេ (DNA) ថែម​ទៀត។

យ៉ាងណា​ក៏ដោយ អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​លោក សម រង្ស៊ី តែងតាំង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP-A) សាជាថ្មី​នៅ​ក្នុង​ពិធី​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​២ នៅ​សហរដ្ឋ​អាមេរិក ទីក្រុង​អាតាឡង់តា កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លងទៅ ក៏​ជា​ថ្ងៃ​ដែល​ប្រកាស​តែងតាំង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ស្តីទី​នៅ​ពេល​នោះ​ដែរ។

ទោះជា​បែប​នេះ​ក្តី អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A (CNRP-American) បាន​សម្រេច​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ ក្រោម​ហេតុផល​ថា ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​បាន​ដើរ​ឃ្លាត​ឆ្ងាយ​ពី​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ ឧសភា នេះ​ថា ការ​ចេញ​មុខ​សារភាព​កំហុស​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ គឺ​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដែល​ជា​គុណធម៌​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​រូប​គួរ​តែ​មាន។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា វប្បធម៌​លាប​ពណ៌ និង​ការ​ជេរ​ប្រមាថ​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា មិន​ត្រូវ​ឲ្យ​មាន​បន្ត​ទៀត​នោះ​ទេ ព្រោះ​ឥទ្ធិពល​ដ៏​អាក្រក់​របស់​វប្បធម៌​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ ដែល​នាំ​ឲ្យ​បែកបាក់​សាមគ្គី​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​ត្រូវការ​ផ្សះផ្សា​ជាតិ​ជាបន្ទាន់ ដើម្បី​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​សព្វថ្ងៃ​នេះ។

មន្ត្រី​ជាន់ខ្ពស់​រូប​នេះ​បញ្ជាក់​ថា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា អ្នក​នយោបាយ​ខ្មែរ​ត្រូវតែ​ប្រកាន់​គោលការណ៍​អហិង្សា​ជាដាច់ខាត ត្បិត​ការ​ប្រកាន់​ជំហរ​នយោបាយ​បែប​នេះ គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​កសាង​ឯកភាព​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ហើយ​ក៏​ជា​គំរូ​ល្អ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​យក​តម្រាប់​តាម ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដើម្បី​ចៀស​ជម្លោះ​បែកបាក់​ជាតិ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស