27 C
Phnom Penh

លោក ហ៊ុន សែន ថា​មិន​បាន​ចោទ​អាមេរិក​ជួយ​លោក កឹម សុខា ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ថា លោក​មិន​បាន​ចោទ​អាមេរិក​នៅ​ពីក្រោយ​សំណុំរឿង​លោក កឹម សុខា នោះ​ទេ ខណៈ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បារម្ភ​អំពី​ដំណើរការ​សវនាការ​សំណុំរឿង​របស់​លោក កឹម សុខា។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា «ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​លោក កឹម សុខា និង​សហរដ្ឋ​អាមេរិក​បាន​បដិសេធ។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ប្រមាណ​ជា ២​ពាន់​នាក់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នា​ថ្ងៃ​ទី​១២ ឧសភា នេះ លោក ហ៊ុន សែន ដែល​អះអាង​កន្លងមក​ថា លោក​ជា​អ្នក​បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់​ខ្លួន​លោក កឹម សុខា ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង បែរជា​ឆ្លើយ​បដិសេធ​ទៅវិញ។

លោក ហ៊ុន សែន អះអាង​ថា រូបលោក​មិន​ដែល​បាន​ចោទ​អាមេរិក​ពាក់ព័ន្ធ​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​របស់​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​លោក កឹម សុខា ជា​អ្នក​លើកឡើង​ដោយ​ខ្លួនឯង។ ករណី​នេះ លោក​បាន​ជំរុញ​ឱ្យ​អាមេរិក​គួរ​ទៅ​និយាយ​រឿង​នេះ​ជាមួយ​លោក កឹម សុខា ព្រោះ​លោក កឹម សុខា ជា​អ្នក​លើកឡើង។

លោក ហ៊ុន សែន បន្ត​ថា កន្លងមក ទាំង​តុលាការ ទាំង​រាជរដ្ឋាភិបាល​កម្ពុជា មិន​បាន​ចោទ​អាមេរិក​ទេ ហើយ​ចំពោះ​ដំណើរ​រឿង​ក្តី​របស់​លោក កឹម សុខា ទុក​ឱ្យ​តុលាការ​ជា​អ្នក​សម្រេច ដោយ​លោក​គ្មាន​សិទ្ធិ​អ្វី​ទៅ​បញ្ជា​ទៅ​តុលាការ​ដែរ។

យ៉ាងណា​ក៏ដោយ ការ​បដិសេធ​របស់​លោក ហ៊ុន សែន ដែល​ថា​លោក​មិន​បាន​ទាញ​ភ្ជាប់ ឬ​ចោទ​អាមេរិក​ជាមួយ​សំណុំរឿង​លោក កឹម សុខា នោះ បាន​ធ្វើឡើង​ស្រប​ពេល​លោក​កំពុង​ស្ថិតនៅ​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២។

ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកវិភាគ​តាម​បណ្ដាញ​សង្គម​រស់នៅ​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​មិន​ចេះ​គ្រប់គ្រង​ឱកាស ដោយ​ថា​លោក សម រង្ស៊ី មិន​បាន​ផ្ញើ​លិខិត​ចូលរួម​មរណទុក្ខ​លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​បង្កើត​របស់​លោក ធ្វើ​ឲ្យ​បាត់បង់​ឱកាស​វិលត្រឡប់​ចូល​កម្ពុជា​វិញ។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ឧបនាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក ប្រាក់ សុខុន ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វីនឌី ហ្សឺមេន (Wendy R. Sherman) ដើម្បី​ជជែក​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កម្ពុជា​ជា​ប្រធាន​អាស៊ាន អ្នកស្រី​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ប្រាំ​ចំណុច​ស្ដីពី​ភូមា។

ក្រៅពី​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀង​នោះ អ្នកស្រី វីនឌី ហ្សឺមេន (Wendy R. Sherman) បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ជំនុំជម្រះ​ក្តី​របស់​លោក កឹម សុខា និង​ឱ្យ​កម្ពុជា​ចែករំលែក​ពី​វត្តមាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។

គិត​មកដល់​ពេលនេះ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ប្រមាណ ៤​ឆ្នាំ​មក​ហើយ ខណៈ​ដំណើរការ​សវនាការ​ក្នុង​សំណុំរឿង «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» នេះ ត្រូវ​បាន​ក្រុម​មេធាវី​លោក កឹម សុខា ថា​មិន​មាន​ភាព​ជឿនលឿន​នោះ​ទេ ដោយសារ​តំណាង​អយ្យការ និង​មេធាវី​ដើម​រដ្ឋាភិបាល​នៅតែ​បន្ត​សួរ​សំណួរ​ដែល​តុលាការ​បាន​សួរ​រួច​ហើយ។ ករណី​នេះ បាន​ធ្វើ​ឱ្យ​ដំណើរការ​សវនាការ​នេះ​ចេះ​តែ​បន្ត​អូស​បន្លាយ​ប្រមាណ ២​ឆ្នាំ​មក​ហើយ​គិត​មក​ដល់​ពេលនេះ។

កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ តំណាង​ជាន់ខ្ពស់ និង​ជា​អនុប្រធាន​សហភាព​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) ជំរុញ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​នយោបាយ និង​ផ្តល់​ដំណោះស្រាយ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ខណៈ​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់ ដោយ​ថា​ខ្លួន​នឹង​ពិចារណា​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឱ្យ​កម្ពុជា​វិញ ប្រសិនបើ​ស្ថានភាព​នយោបាយ និង​ប្រជាធិបតេយ្យ​ប្រសើរ​ឡើងវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស