42.2 C
Phnom Penh

មន្ត្រី​បក្ស​កាន់​អំណាច​ថា​ដើម្បី​រក្សា​សន្តិភាព គឺ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជូន​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ព្រមាន​ថា ដើម្បី​រក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស គឺ​ប្រជាពលរដ្ឋ​ត្រូវតែ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​នេះ។

សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កាន់​អំណាច និង​ជា​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​យុវជន និង​សកម្មជន​គណបក្ស​កាន់​អំណាច​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ថា ពេល​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​ដែល​ជួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា។

មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​សមាជិក​បក្ស​របស់​ខ្លួន​រួម​គ្នា​ថែរក្សា​សន្តិភាព​ដែល​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន រក​បាន​មក​ដោយ​លំបាក​ដោយ​ការ​លះបង់​អាយុ​ជីវិត ដើម្បី​បង្កើត​ឲ្យ​មាន​សន្តិភាព។ ដូច្នេះ ដើម្បី​ការពារ​សន្តិភាព​នេះ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​បោះឆ្នោត​ជូន​បក្ស​កាន់​អំណាច​នោះ​ឡើយ។

លោក ឃួង ស្រេង បញ្ជាក់​ថា សព្វថ្ងៃ​នេះ បើ​កម្ពុជា​គ្មាន​សន្តិភាព​ដោយ​ពិតប្រាកដ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ទូទាំង​ប្រទេស​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​សេរី​បាន​នោះ​ដែរ។ ដូច្នេះ ដើម្បី​ភាព​សុខដុមរមនា និង​ភាព​សម្បូរ​សប្បាយ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប គឺ​មាន​តែ​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​ដឹកនាំ​ប្រទេស​ជាតិ​បន្ត​ទៀត​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​មកដល់ ហើយ​ការ​លើកឡើង​ពី​ការ​ថែរក្សា​សន្តិភាព​នៅ​ពេលនេះ ក៏​ត្រូវ​គេ​រិះគន់​ថា​គ្រាន់តែ​ជា​ការ​គំរាម​របស់​មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​តែប៉ុណ្ណោះ។

សកម្មជន​អត្ថាធិប្បាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ ឧសភា នេះ​ថា សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​សព្វថ្ងៃ​នេះ គឺ​កើត​ចេញ​មកពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ប៉ុណ្ណោះ មិន​មែន​ជា​សន្តិភាព​ដែល​កើតឡើង​ដោយសារ​បុគ្គល​ណា គណបក្ស​ណា ឬ​បរទេស​ណា​មួយ​នោះ​ឡើយ។

លោក ស្រ៊ុន ស្រ៊ន អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​កាតព្វកិច្ច​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់ និង​តំណាង​របស់​ខ្លួន​នៅ​មូលដ្ឋាន ស្រប​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​ច្បាប់​បោះឆ្នោត ជាដើម។ ដូច្នេះ មន្ត្រី​គណបក្ស​នយោបាយ​មិន​គួរ​មក​គំរាម​កំហែង​ប្រជាពលរដ្ឋ​ដោយ​ប្រការ​ណា​មួយ ដើម្បី​សន្លឹកឆ្នោត​នោះ​ឡើយ ព្រោះ​ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់​ទាំងស្រុង។

លោក​រិះគន់​ថា គណបក្ស​ណា​ដែល​គំរាមកំហែង ឬ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ដោយ​ប្រើ​លាភ​សក្ការៈ​ដូចជា លុយកាក់ ឬ​ក៏​ទ្រព្យសម្បត្តិ​នានា ជាដើម សុទ្ធសឹងតែ​ជា​គណបក្ស​ក្បត់​ឧត្តម​គតិ​ជាតិ​ទាំងអស់។

ស្រដៀង​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧ មួយ​ខែ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ កន្លងទៅ បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន ព្រមាន​ថា សង្គ្រាម​នឹង​កើតឡើង​វិញ ប្រសិនបើ​បក្ស​របស់​លោក​ចាញ់​ឆ្នោត។

ទាក់ទិន​នឹង​បញ្ហា​នេះ រាល់​ពេល​ដែល​ការ​បោះឆ្នោត​ជិត​មក​ដល់​ម្តងៗ គេ​សង្កេត​ឃើញ​ថា​បក្ស​កាន់​អំណាច​តែង​ប្រើ​វិធីសាស្ត្រ​គំរាម​ពលរដ្ឋ​ខ្លួនឯង ដោយ​ប្រកាស​ពី​ការ​បាត់បង់​នូវ​សន្តិភាព ប្រសិនបើ​គណបក្ស​ខ្លួន​ចាញ់​ឆ្នោត។

ជាក់ស្តែង កាលពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ លោក ហ៊ុន សែន ធ្លាប់​គំរាម​ថា​នឹង​មាន​សង្គ្រាម បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត ប៉ុន្តែ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ គណបក្ស​កាន់​អំណាច​បាន​បាត់បង់​កៅអី​តំណាងរាស្ត្រ​រហូត​ដល់​ទៅ ២២​អាសនៈ​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស