ប្រធានគណបក្សសង្គ្រោះជាតិដែលមិនទាន់មានសេរីភាពពេញលេញ លោក កឹម សុខា បានបញ្ចេញសារបីថ្ងៃជាប់គ្នាតាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា ថារាល់ជំនួបរបស់លោកជាមួយឯកអគ្គរាជទូតតំណាងរដ្ឋបរទេស គឺលោកតែងតែលើកឡើងអំពីការវិវឌ្ឍនូវស្ថានភាពនៃដំណើរប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌នៅកម្ពុជា និងសិទ្ធិសេរីភាពរបស់លោកក្នុងការចូលរួមបម្រើប្រទេសជាតិ។
លោក កឹម សុខា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៣ ឧសភា ថា លោកបានជួបពិភាក្សាការងាររយៈពេលជាងពីរម៉ោងជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Masahiro Mikami ដែលជាតំណាងប្រទេសមហាអំណាចអាស៊ីមួយ បន្ទាប់ពីលោកបានជួបជាមួយតំណាងប្រទេសមហាអំណាចអាមេរិក និងតំណាងប្រទេសមហាអំណាចអឺរ៉ុប កាលពីពេលថ្មីៗនេះ។
មេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់បម្រាមនយោបាយ លោក កឹម សុខា អះអាងថា ក្នុងជំនួបទាំងនោះលោកបានផ្លាស់ប្ដូរទស្សនៈគ្នារវាងតំណាងអង្គទូតប្រទេសជាមិត្តរបស់កម្ពុជា និងបង្ហាញពីគោលជំហរលើបញ្ហាជាច្រើនអំពីការវិវឌ្ឍនូវស្ថានភាពក្នុងអតីតកាល បច្ចុប្បន្នភាព និងទៅអនាគត នៃដំណើរប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា។
ការអះអាងរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ធ្វើឡើងស្របពេលដែលសេរីភាពរបស់លោកកំពុងតែត្រូវបានរឹតត្បិតពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនឱ្យចូលក្នុងឆាកនយោបាយ ខណៈមហាអំណាចសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប កំពុងតែបារម្ភពីសេរីភាពរបស់លោកយ៉ាងខ្លាំង។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី Wendy R. Sherman។ អ្នកស្រីបានលើកឡើងនូវក្តីកង្វល់សំខាន់ៗមួយចំនួន ដូចជា ការព្រួយបារម្ភអំពីវត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពជើងទឹករាម ដំណើរការក្ដីរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការកម្ពុជាបានចោទភ្ជាប់ជាមួយសហរដ្ឋអាមេរិកក្នុងសំណុំរឿងផ្តួលរំលំរដ្ឋាភិបាលកម្ពុជារយៈពេលជាង ៤ឆ្នាំកន្លងមកនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យ ទី១៥ ឧសភា ថា តុលាការចោទប្រកាន់តែទៅលើប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា ពីបទ «សន្ទិដ្ឋភាពជាមួយរដ្ឋបរទេស» ប៉ុន្តែមិនបានចោទប្រកាន់រដ្ឋបរទេសណាមួយក្នុងសំណុំរឿងនេះនោះទេ។
ដោយឡែកអនុប្រធានសហភាពអឺរ៉ុប ដែលតំណាងឱ្យរដ្ឋសមាជិកទាំង ២៧ប្រទេសក្នុងសហគមន៍អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងថា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យល្អប្រសើរឡើងវិញ រដ្ឋាភិបាលខ្មែរគួរតែចាត់វិធានការជាបន្ទាន់ក្នុងការបើកលំហសេរីភាពនយោបាយនៅកម្ពុជា និងអនុញ្ញាតឱ្យមានការចូលរួមពីគណបក្សប្រឆាំងមួយដែលអាចជឿទុកចិត្តបាន ជាពិសេសកម្ពុជាគួរតែផ្តល់ដំណោះស្រាយជាបន្ទាន់លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ទាំងអយុត្តិធម៌ក្នុងពេលបច្ចុប្បន្ននេះ៕