28 C
Phnom Penh

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ប្តូរ​ឈ្មោះ​ទៅជា វេទិកា​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) បាន​សម្រេច​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ទៅជា «វេទិកា​ពលរដ្ឋ (People Forum)» បន្ទាប់ពី​ផ្លាស់ប្ដូរ​សមាសភាព​អ្នក​ដឹកនាំ។

អនុប្រធាន​វេទិកា​ពលរដ្ឋ (People Forum) ឬ​ហៅ​កាត់​ថា (វ.ព.រ) លោក ម៉ែន ណាត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា ក្រោយ​កិច្ចប្រជុំ​រួម ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ បាន​សម្រេច​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ពី «ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) ទៅជា វេទិកា​ពលរដ្ឋ (People Forum) ឬ​ហៅ​កាត់​ថា វ.ព.រ» ជំនួស​វិញ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​អះអាង​ថា ការ​ផ្លាស់ប្ដូរ​ឈ្មោះ​ចលនា​នេះ​បាន​រំសាយ​សមាសភាព​ក្រុមប្រឹក្សា​ចលនា​ពលរដ្ឋ​ចោល​ទាំងអស់ ប៉ុន្តែ​ពួកគេ​បាន​រក្សា​ទុក​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​នៅ​ដដែល ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ​តួនាទី​ប៉ុណ្ណោះ។

រូប​សញ្ញា​ដែល​មាន​រូប​កណ្ដាប់ដៃ បាន​ប្ដូរ​អក្សរ​កាត់​របស់​ខ្លួន​ពី «ច.ព.ធ. ឬ P.M.D.» ទៅជា «វ.ព.រ.» ជំនួស​វិញ។

លោក ម៉ែន ណាត អះអាង​ថា វេទិកា​ពលរដ្ឋ គឺជា​អង្គការ​សង្គម​មួយ​ដែល​ប្រតិបត្តិការ​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម ក្នុង​គោលដៅ​រួម​ចំណែក​កសាង​នីតិរដ្ឋ​នៅ​កម្ពុជា ដែល​ជា​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស។

ការ​ផ្លាស់ប្តូរ​ឈ្មោះ​ពី​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ទៅជា​វេទិកា​ពលរដ្ឋ (People Forum) នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​សំណូមពរ​ពី​ពលរដ្ឋ និង​សមាជិក​របស់​ខ្លួន​នា​ពេល​កន្លងមក។

អគ្គលេខាធិការ​វេទិកា​ពលរដ្ឋ លោក អ៊ាប គឹមសេង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ក្រោយ​កិច្ចប្រជុំ និង​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ប្រតិបត្តិ វេទិកា​ពលរដ្ឋ​បាន​ធ្វើការ​ផ្លាស់ប្ដូរ​សមាសភាព​អ្នក​ដឹកនាំ​របស់​ខ្លួន​រួចរាល់​ហើយ ក្នុង​នោះ​លោក គឹម សុខ ជា​ប្រធាន លោក ម៉ែន ណាត ជា​អនុប្រធាន លោក អ៊ាប គឹមសេង ជា​អគ្គលេខាធិការ និង​មាន​សមាសភាព​មួយ​ចំនួន​ទៀត។

វេទិកា​ពលរដ្ឋ​នេះ​បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ម្តង​រួចមក​ហើយ​ពី​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ទៅជា​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ ហើយ​ការ​ផ្លាស់ប្ដូរ​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ឱ្យ​ពលរដ្ឋ និស្សិត និង​បញ្ញវន្ត​ខ្មែរ​អាច​ចូលរួម​ជាមួយ​ខ្លួន​បាន​កាន់តែ​ទូលំទូលាយ ដើម្បី​ប្រយោជន៍​ពលរដ្ឋ និង​ដើម្បី​ទឹកដី​ខ្មែរ​ទាំងមូល។

ដើម​កំណើត​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (The Student Movement for Democracy) ដែល​ហៅ​កាត់​ថា SMD ត្រូវ​បាន​បង្កើត​ឡើង​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៨ ដើម្បី​ប្រឆាំង​លទ្ធផល​ការ​បោះឆ្នោត និង​បេក្ខភាព​លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ ប៉ុន្តែ​ចលនា​នេះ​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​ទៅវិញ ក្រោយ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​មេដឹកនាំ​ដែល​លើក​បន្តុប​ដោយ​វៀតណាម​អស់​រយៈពេល ៨​ឆ្នាំ។

យ៉ាងណា​ក៏ដោយ ក្រោយ​ពេល​ផ្អាក​សកម្មភាព​របស់​ខ្លួន​អស់​រយៈពេល​ជិត ២០​ឆ្នាំ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២០ ចលនា​នេះ​បាន​ចាប់​កំណើត​ជា​លើក​ទី​២​របស់​ខ្លួន​ឡើងវិញ ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​ចូលរួម​ថែរក្សា​ស្ថិរភាព និង​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​នៃ​ការ​តស៊ូ​មតិ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​បន្ត​ទៀត។

សមាជិក​ដែល​បាន​ចូលរួម​ក្នុង​ចលនា​នេះ​ធ្លាប់​បាន​ប្ដេជ្ញា​ថា ពួកគេ​នឹង​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពលរដ្ឋ និស្សិត និង​បញ្ញវន្ត​ខ្មែរ​គ្រប់​រូបភាព ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌ និង​សេរីភាព​ដែល​កំពុង​រង​ការ​រាំង​ខ្ទប់ គាបសង្កត់ និង​គំរាមកំហែង​គ្រប់​រូបភាព​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស