31 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ពី​ការ​គប់​ស្បែកជើង​អាច​កើតឡើង​លើ​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​បញ្ហា​សង្គម និង​នយោបាយ ឱ្យ​ប្រយ័ត្នប្រយែង​ខ្ពស់ ដោយ​ចាត់ទុក​ថា​សកម្មភាព​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គប់​ស្បែកជើង​នេះ នឹង​ត្រូវ​កើតឡើង​នៅ​ទូទាំង​ប្រទេស​ដោយ​ក្រុម​ប្រឆាំង​វិញ។

ក្នុង​ពិធី​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​ហៅថា «ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេជោ» ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា លោក ហ៊ុន សែន ថ្លែង​ថា បើ​អាមេរិក​ចាត់ទុក​ព្រឹត្តិការណ៍​គប់​ស្បែកជើង​ប្រឆាំង​លើ​រូបលោក​នៅ​ទឹកដី​អាមេរិក វា​គ្រាន់តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​នោះ លោក​គំរាម​ថា វាសនា​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា ក៏​អាច​នឹង​ត្រូវ​ជួប​ហេតុការណ៍​គប់​ស្បែកជើង​ដូច​រូបលោក​កាលពី​ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​អាមេរិក​ដែរ។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ទៅ​អ្នកវិភាគ​មួយ​ចំនួន​ដោយ​លោក​ផ្តាំ​ទុក​ជា​មុន​ថា អ្នក​គាំទ្រ​រដ្ឋាភិបាល​នៅ​ពេលនេះ​កំពុង​ក្តៅក្រហាយ​ចំពោះ​ព្រឹត្តិការណ៍​គប់​ស្បែកជើង​លើ​រូបលោក​នៅ​លើ​ទឹកដី​អាមេរិក។ ដូច្នេះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ត្រូវ​ប្រយ័ត្នប្រយែង​ទៅលើ​ការ​ធ្វើ​អត្ថាធិប្បាយ​ខុស ដោយ​ថា​នៅ​ប្រទេស​កម្ពុជា​កំពុង​ខឹងសម្បា​យ៉ាង​ខ្លាំង​ត្រៀម​តែ​នឹង​ផ្ទុះ​ទេ។

ករណី​នេះ លោក​បង្ហើប​បែប​ព្រមាន​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ទៅលើ​ការ​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​សម្រាប់​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មួយ​វិញ​ទៀត លោក ហ៊ុន សែន ថា​បច្ចុប្បន្ន អ្នក​គាំទ្រ​របស់​លោក​កំពុង​កត់​ឈ្មោះ​ទុក​អ្នក​ដែល​ចាត់ទុក​បុរស​គប់​ស្បែកជើង​លើ​រូបលោក​នោះ​ជា «វីរបុរស» ហើយ។

ក្រៅពី​ការ​ព្រមាន​ក្រុម​ប្រឆាំង និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​បញ្ហា​សង្គម និង​នយោបាយ លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បញ្ជូន​សារ​លោក​ទៅកាន់​រដ្ឋបាល​លោក ចូ បៃដិន ដើម្បី​ឱ្យ​លោក​ឆ្លើយ​បំភ្លឺ​ករណី​សកម្មភាព​បុរស​ជនជាតិ​ខ្មែរ-អាមេរិកកាំង​ម្នាក់​គប់​ស្បែកជើង​ទៅ​លើ​រូបលោក​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​កាល​ពេល​ថ្មីៗ​នេះ។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា លោក​រង់ចាំ​ការ​ឆ្លើយតប​ពី​អាមេរិក ថា​នឹង​ចាត់​វិធានការ​ច្បាប់​លើ​បុរស​ជនជាតិ​ខ្មែរ-អាមេរិកកាំង​រូប​នោះ​បែប​ណា ហើយ​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​ចាត់ទុក​សកម្មភាព​នេះ​ថា​ជា​អំពើ​ហិង្សា ឬ​ជា​សិទ្ធិ​បញ្ចេញមតិ។ លោក​ក៏​បាន​ព្រមាន​ទៅ​ដល់​អ្នក​ដែល​ប្រឆាំង​នឹង​លោក​នៅ​កម្ពុជា​ថា អាច​នឹង​មាន​ការ​សងសឹក ប្រសិនបើ​សហរដ្ឋ​អាមេរិក​ចាត់ទុក​ករណី​នេះ​ថា​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ។

អតីត​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក លោក អ៊ុក ទូច បាន​ដោះ​ស្បែកជើង​របស់​លោក​គប់​សំដៅ​ទៅ​លោក ហ៊ុន សែន ដែល​កំពុង​ជួប​ជាមួយ​អ្នក​គាំទ្រ និង​ថត​ហ្សែលហ្វី (Selfie) ជាមួយ​លោក​នៅ​សហរដ្ឋ​អាមេរិក។

ស្បែកជើង​ដែល​លោក អ៊ុក ទូច គប់​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​លោក​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក ពេល​លោក​បំពេញ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន (យប់​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ម៉ោង​នៅ​កម្ពុជា)។ (រូបថត​ពី​ហ្វេសប៊ុក)

ការ​គប់​ស្បែកជើង​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ រួម​ទាំង​លោក ហ៊ុន សែន ស្រឡាំងកាំង ហើយ​ក្រោយ​មក លោក អ៊ុក ទូច ដែល​ជា​អ្នក​គប់​ស្បែកជើង​ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​បង្គាប់​ឱ្យ​ចាកចេញ​ពី​កន្លែង​កើតហេតុ​ភ្លាមៗ។ ក្រោយពី​មាន​ព្រឹត្តិការណ៍​នេះ កូនប្រុស​ទី​៣ របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែង​សារ​ថ្កោលទោស​លើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​រូប​នោះ​ដែល​បាន​គប់​ស្បែកជើង​ទៅ​លើ​ឪពុក​របស់​លោក។

លោក ហ៊ុន ម៉ានី ថា​ទង្វើ​នេះ​ក្នុង​នាម​ខ្លួន​ជា​កូន និង​ជា​សមាជិក​គណបក្ស និង​ជា​ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​បន្ធូរបន្ថយ ឬ​សម្រាល​ទោស​កំហុស​ដល់​ពួក​ជ្រុល​និយម​ទាំងអស់​នោះ​បាន​ទេ ហើយ​ថា​ខ្លួន​នឹង​ចាំ ហើយ​មិន​ត្រូវ​ភ្លេច​ចរិត​ជ្រុល​និយម​របស់​ពួក​នេះ​ឡើយ ដោយ​ថា​អស់​លោក​ក៏​ត្រូវ​ចាំ​ថា អ្នក​ណា​ធ្វើ អ្នក​នោះ​ទទួល។

ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​ចាត់ទុក​ការ​គប់​ស្បែកជើង​នេះ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ ហេតុការណ៍​បែប​នេះ​មិន​មែន​កើតឡើង​ចំពោះ​តែ​លោក ហ៊ុន សែន នោះ​ទេ។ កាល​ពី​ឆ្នាំ​២០០៨ អតីត​ប្រធានាធិបតី​អាមេរិក លោក George W. Bush ក៏​ត្រូវ​បាន​អ្នក​សារព័ត៌មាន​គប់​ស្បែកជើង​នៅ​អំឡុង​ពេល​លោក​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់ ខណៈ​ប្រធានាធិបតី​បារាំង Emmanuel Macron ក៏​ធ្លាប់​ត្រូវ​បាន​ពលរដ្ឋ​ទះ​កំផ្លៀង​ដែរ​កាលពី​ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស