38 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ទំនាក់ទំនង​កម្ពុជា-អាមេរិក​នឹង​គ្មាន​ឧបសគ្គ បើ​រដ្ឋាភិបាល​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា អះអាង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក នឹង​គ្មាន​ឧបសគ្គ​ណា​មួយ​កើតឡើង​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​គោរព​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា ដើម​សប្តាហ៍​នេះ​ថា នៅ​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គ្មាន​ជំហរ​នយោបាយ​ច្បាស់​ជាមួយ​មហាអំណាច​លោក​សេរី ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​អព្យាក្រឹត​តាម​បែប​នយោបាយ​ក្រឡេចក្រឡុច​នោះ នឹង​នាំ​មហន្តរាយ​សម្រាប់​កម្ពុជា​ជាមិនខាន។

លោក សុខ សុគន្ធ អះអាង​ថា អ្វី​ដែល​សហរដ្ឋ​អាមេរិក​ត្រូវការ​បំផុត​នោះ គឺ​មិនមែន​ឲ្យ​កម្ពុជា​ទៅ​រណប​អាមេរិក ឬ​រណប​ចិន​នោះ​ទេ។ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​រក្សា​ការ​អនុវត្ត​នូវ​នយោបាយ​ការបរទេស​របស់​ខ្លួន​ស្របតាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​អំពី​ការ​រក្សា​អព្យាក្រឹត ដោយ​ការ​អនុវត្ត​តាម​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ចៀសវាង​នូវ​ការ​បង្ក​នូវ​ភាព​អមិត្ត​ជាមួយ​មហាអំណាច​បច្ចុប្បន្ន​នេះ។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​គ្រាន់តែ​រក្សា​អព្យាក្រឹតភាព​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ នោះ​កម្ពុជា​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​បើ​កម្ពុជា​អនុវត្ត​នយោបាយ​ចង​កំហឹង បង្កើត​ភាព​សម្អប់​ចំពោះ​អាមេរិក ដោយ​ការ​ចូល​ដៃ​ជាមួយ​ចិន និង​ការ​រក្សា​អព្យាក្រឹត​នៅតែ​លើ​មាត់ នោះ​កម្ពុជា​នឹង​មាន​តែ​ការ​ខាតបង់​រហូត។

លោក សុខ សុគន្ធ អះអាង​ថា ចំណង​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន​សព្វថ្ងៃ​នេះ គឺជា​ឱកាស​សម្រាប់​ចិន​ប្រើប្រាស់​កម្ពុជា​ជា​កន្លែង​រាតត្បាត​វាតទី​អំណាច​របស់​គេ​នៅក្នុង​តំបន់​ប៉ុណ្ណោះ ហើយ​ការ​រាតត្បាត​នេះ នឹង​បោះ​ជំហាន​ទៅមុខ​បន្តិច​ម្តងៗ​តាម​កិច្ច​សហប្រតិបត្តិការ​ជាច្រើន ក្នុង​នោះ​ការ​ចុះ​អនុសារណៈ​យោគយល់​រវាង​មេទ័ព​ជើងគោក​កម្ពុជា និង​មេទ័ព​ជើងគោក​ចិន ក្រោម​កិច្ចព្រមព្រៀង​មួយ​ឈាន​ទៅ​រក​បក្ស​សម្ព័ន្ធ​យោធា​រវាង​កម្ពុជា និង​ចិន គឺជា​ជំហាន​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ពី​មហិច្ឆតា​របស់​ចិន​ក្នុង​ការ​រាតត្បាត​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​គេ​រិះគន់​អំពី​ការ​ដឹកនាំ​នយោបាយ​របស់​ខ្លួន​ឃ្លាត​ចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​អំពី​ការ​រក្សា​អព្យាក្រឹត​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ។

ចំណែក​អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​សន្យា​ចំពោះ​មុខ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​ប្ដេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឱ្យ​បាន​ដាច់ខាត ហើយ​ការ​សន្យា​របស់​លោក ហ៊ុន សែន នេះ​គឺជា​កិច្ចសន្យា​អន្តរជាតិ​មួយ​របស់​កម្ពុជា​ចំពោះ​មហាអំណាច​លោក​សេរី ដូច្នេះ​លោក ហ៊ុន សែន មិន​អាច​ក្រឡាស់​សម្ដី​របស់​ខ្លួន​បាន​ឡើយ។

បណ្ឌិត សូ ណារ៉ូ បញ្ជាក់​ថា ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន សែន អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​នេះ​ក៏​ស្មើ​នឹង​ការ​សន្យា​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ ហើយ​ប្រសិនបើ​កម្ពុជា​ពិតជា​អាច​អនុវត្ត​តាម​អះអាង​របស់​លោក ហ៊ុន សែន មែន​នោះ កម្ពុជា​នឹង​រក្សា​បាន​នូវ​អធិបតេយ្យ​ជាតិ ឯករាជភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ជាមិនខាន ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​មាន​តម្លៃ​ជា​អន្តរជាតិ​ដែល​ម្ចាស់​ហត្ថលេខី​ទាំង ១៨​ប្រទេស​មិន​អាច​រំលោភ​បាន​ឡើយ។

ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​កំពុងតែ​ស្ថិត​ក្នុង​ភាព​រកាំរកូស​យ៉ាង​ខ្លាំង ទាំង​នយោបាយ​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​នានា ក្នុង​នោះ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ចោទ​អាមេរិក​ថា​ជា​ប្រទេស​មហាអំណាច​ដែល​ប្រើប្រាស់​ល្បិចកល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា តាមរយៈ​នៃ​ការ​អនុវត្ត​ស្តង់ដារ​ពីរ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ពិតជា​ចង់​ធ្វើ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ខ្លាំង​ណាស់ ប៉ុន្តែ​កម្ពុជា​មិន​អាច​ជ្រើសរើស ឬ​ទម្លាក់​ចោល​រវាង​មហាអំណាច​អាមេរិក ឬ​មហាអំណាច​កុម្មុយនីស្ត​ចិន​ណា​មួយ​នោះ​ដែរ ព្រោះ​កម្ពុជា​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

លោក ហ៊ុន សែន ធ្លាប់​បាន​លើក​ជា​សំណួរ​នៅ​ក្នុង​វេទិកា​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដីពី​អនាគត​របស់​អាស៊ី កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ កន្លងទៅ​ថា បើ​លោក​មិន​ពឹង​មហាអំណាច​ចិន តើ​ឱ្យ​លោក​ទៅ​ពឹង​មហាអំណាច​មួយ​ណា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស