28.4 C
Phnom Penh

ជំនួញ​ឈើ​ឆ្លងដែន​ខុសច្បាប់​កំពុង​កម្រើក​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ អះអាង​ថា ជំនួញ​ឈើ​ឆ្លងដែន​ខុសច្បាប់​ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន​ចំណុច​លេខ​៦០១ និង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​ព្រំដែន​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កំពុង​កើតមាន​យ៉ាង​សស្រាក់សស្រាំ​ក្នុង​រយៈពេល​ជាង ២​សប្តាហ៍​ចុងក្រោយ​នេះ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​មមាញឹក​ដើរ​ឃោសនា​អូស​ទាញ​ទឹកចិត្ត​ពលរដ្ឋ​មុន​ពេល​បោះឆ្នោត​ឃុំ-សង្កាត់។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​ស្រុក​អូរយ៉ាដាវ លោក រចំ វើន បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​មាន​ម៉ូតូ​ដឹកជញ្ជូន​ឈើ​យ៉ាងហោច​ណាស់ ៦០​គ្រឿង​ឆ្លង​ដែន​ចូល​ប្រទេស​វៀតណាម ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន​លេខ​៦០១ និង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ក្នុង​ស្រុក​អូរយ៉ាដាវ ជាប់​ព្រំដែន​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។

លោក រចំ វើន បាន​ថ្លែង​បន្ត​ថា ឈើ​ជ្រុង​ភាគច្រើន​ប្រភេទ​សុក្រំ មាន​មុខកាត់​ចាប់ពី ២​តឹក​ឡើង​ទៅ​ប្រវែង​ជាង​ពីរ​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​ចេញពី​ព្រៃ​អភិរក្ស​នៅ​ពេល​យប់ ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ខេត្ត​យ៉ាឡាយ ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់។

លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​មមាញឹក​ដើរ​ឃោសនា​អូស​ទាញ​ទឹកចិត្ត​ពលរដ្ឋ​មុន​ពេល​បោះឆ្នោត​ឃុំ-សង្កាត់ ដោយ​ពួកគាត់​មិន​ចាប់អារម្មណ៍​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ​ទេ ព្រោះ​ខ្លាចក្រែង​ប៉ះពាល់​ផ្លូវចិត្ត​ពលរដ្ឋ។

ប្រភព​ដដែល​បន្ថែម​ថា ឈើ​ដែល​គេ​កំពុង​នាំចេញ​តាម​ម៉ូតូ​មាន​ប្រភព​ពី​តំបន់​ឧទ្យាន​ជាតិ​វរជ័យ​ខ្លះ មកពី​ព្រៃ​សហគមន៍​ក្នុង​ស្រុក​អូរយ៉ាដាវ ខ្លះ។ អ្នក​ភូមិ​បន្ថែម​ថា នគរបាល សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​រតនគិរី សុទ្ធសឹងតែ​ទទួល​ព័ត៌មាន​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទាំងនេះ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ចេញ​មុខ​ឈឺឆ្អាល​នោះ​ទេ ព្រោះ​ខ្លាច​បាត់បង់​តំណែង ឬ​តួនាទី។

ឌឹ ខេមបូឌា ដេលី មិនទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ដើម្បី​ធ្វើការ​បំភ្លឺ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៧ ឧសភា។ រីឯ​អ្នក​នាំពាក្យ​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ក៏​ពុំ​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ដែរ។

រីឯ​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម នៅតែ​ជា​ក្តី​កង្វល់​ខ្លាំង​នាំ​ឲ្យ​ព្រៃ​អភិរក្ស​វិនាស​ហិនហោច។ ពួកគេ​អង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ស្ដីបន្ទោស​អាជ្ញាធរ​ថា មិន​អើពើ​បង្ក្រាប​ការ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ផ្ទុយ​នឹង​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន។ លោក​ថា កាលពី​មុន កម្ពុជា​សម្បូរ​ព្រៃឈើ​ហូរហៀរ មើល​មេឃ​មើល​ថ្ងៃ​មិន​ឃើញ តែ​ឥឡូវ​រក​កន្លែង​ជ្រក​បាំង​ថ្ងៃ​ក៏​មិន​បាន​ដែរ។

កាលពី​កន្លងមក លោក ហ៊ុន សែន ប្រកាស​ក្ដែងៗ​ដោយ​កាត់​ក​ខ្លួនឯង រួម​ទាំង​បង្កើត​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​បាន​ដាច់ខាត​នោះ ត្រូវ​បរាជ័យ ក្នុង​នោះ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ស្ទើរតែ​ហិនហោច​ចាប់តាំងពី​លោក ហ៊ុន សែន អះអាង​ថា​ការពារ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​វិស័យ​ព្រៃឈើ​នេះ កម្ពុជា​ក៏​បាន​បាត់បង់​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ព្រៃឡង់​បៃតង​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដែល​មាន​រយៈពេល ៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ ដោយ​មាន​ទឹកប្រាក់​ប្រមាណ ២១​លាន​ដុល្លារ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស