33 C
Phnom Penh

លោក កឹម សុខា ថា​វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​លើ​ខ្លឹមសារ​ពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​បម្រាម​នយោបាយ​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ក្នុង​សវនាការ​លើក​ទី​៤០ នៅ​ថ្ងៃ​ពុធ ទី​១៨ ឧសភា នេះ​ថា វីដេអូ​របស់​មេធាវី​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​បាន​កាត់​ត​ចេញពី​វីដេអូ​ដើម​ជាង​មួយ​ម៉ោង​របស់​លោក ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​លើ​ខ្លឹមសារ​ពិត​នៃ​វីដេអូ​ដើម​យ៉ាង​ធ្ងន់ធ្ងរ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា វីដេអូ​របស់​មេធាវី​ខាង​ដើមបណ្ដឹង​ប្រវែង​ជាង ២​នាទី​ដែល​យក​មក​ប្រើប្រាស់​ធ្វើជា​ភស្តុតាង​ក្នុង​ការ​ចោទប្រកាន់​លើ​រូបលោក មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ ហើយ​ជា​ខ្សែ​វីដេអូ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ថែម​ទៀត។

លោក​បន្ត​ថា នៅ​ពេល​ដែល​មាន​ការ​ភ័ន្តច្រឡំ​តាមរយៈ​ខ្សែ​វីដេអូ​កាត់​ត​នេះ ភាគី​ដើមបណ្ដឹង និង​រូបលោក​នៅតែ​អាច​ជជែក​គ្នា​បាន​ក្នុង​ការ​ស្វែងរក​ការពិត​ដើម្បី​បញ្ចប់​នូវ​ការ​ភ័ន្តច្រឡំ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនទាន់​មាន​សិទ្ធិ​នយោបាយ​ឡើងវិញ លោក កឹម សុខា អះអាង​ថា លោក​មិន​មាន​បំណង​ណា​មួយ​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។ លោក​បន្ត​ថា ការ​និយាយ​របស់​លោក​រយៈពេល​ជាង ១​ម៉ោង​កាលពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី នោះ គ្រាន់តែ​ដើម្បី​ថ្លែង​អំណរគុណ​ដល់​ពលរដ្ឋ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ និង​ដើម្បី​ប្រាប់​អ្នក​គាំទ្រ​ពី​ការ​វិវឌ្ឍ​នៃ​ដំណើរការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ពេល​នៃ​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ។

ការ​អះអាង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ធ្វើឡើង​ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​បាន​ចោទ​សួរ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។

កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង ដោយ​បាន​លើកឡើង​ពី​ការ​វិវឌ្ឍ​នៃ​ដំណើរការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស។

ប៉ុន្តែ​ខ្សែ​វីដេអូ​ជាង​មួយ​ម៉ោង​នេះ ត្រូវ​មេធាវី​ខាង​ដើមបណ្ដឹង​កាត់​ត​ផ្សំ​គ្នា​ទៅជា​ខ្លឹមសារ​មួយ​ផ្សេង​ទៀត​ដែល​មាន​ប្រវែង​ត្រឹមតែ​ជាង ២​នាទី ដើម្បី​ចោទប្រកាន់​លោក កឹម សុខា ថា​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ផែង ហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​នៅ​ថ្ងៃ​ទី​១៨ ឧសភា នេះ​ថា ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​នេះ លោក​ទាមទារ​ឱ្យ​តំណាង​អយ្យការ​បង្ហាញ​អង្គហេតុ​នៃ​សំណុំរឿង​របស់​លោក កឹម សុខា ព្រោះ​ថា​ការ​បកស្រាយ​របស់​តំណាង​អយ្យការ​កន្លងមក​មិន​មែន​ជា​ការ​បង្ហាញ​អង្គហេតុ​នោះ​ទេ គ្រាន់តែ​ជា​ការ​បកស្រាយ​ពី​ខ្លឹមសារ​ក្នុង​វីដេអូ​កាត់​ត​ដែល​បាន​ដាក់​ជូន​ដោយ​មេធាវី​ដើមបណ្ដឹង​ប៉ុណ្ណោះ។

ដោយឡែក​សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប​ទៀត គឺ​អ្នកស្រី ម៉េង សុភារី បាន​ទាមទារ​ឱ្យ​តំណាង​អយ្យការ និង​មេធាវី​ដើមបណ្ដឹង បញ្ជាក់​ឈ្មោះ​រដ្ឋ​បរទេស​ដែល​ត្រូវ​បាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ផង​ដែរ។

ប៉ុន្តែ​តំណាង​អយ្យការ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​រដ្ឋ​បរទេស​ណា​មួយ​នោះ​ឡើយ ក្នុង​នោះ​តំណាង​អយ្យការ និង​មេធាវី​ដើមបណ្ដឹង គ្រាន់តែ​ប្រាប់​ឱ្យ​ទៅ​មើល​ក្នុង​សំណុំរឿង​នេះ​ឡើងវិញ​តែប៉ុណ្ណោះ។

ចំណែក​លោក អាង ឧត្តម ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែរ​នោះ បាន​លើកឡើង​ថា បើ​ខាង​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចោទ​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​ណា​មួយ​នោះ​ទេ ហើយ​ខាង​មេធាវី​ដើមបណ្ដឹង និង​ខាង​អយ្យការ​ក៏​បាន​អះអាង​ថា ខ្លួន​មិន​ចោទ​ដែរ ដូច្នេះ​លោក​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​លើ​លោក កឹម សុខា ទាំងអស់​ដើម្បី​បញ្ចប់​សំណុំរឿង​នេះ​តែម្តង។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ បាន​បដិសេធ​ថា រដ្ឋាភិបាល និង​តុលាការ​កម្ពុជា​មិន​បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​បាន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ប៉ុន្តែ​លោក កឹម សុខា ជា​អ្នក​និយាយ​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស