31 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​បក្ស​ភ្លើង​ទៀន​កំពុង​ជួយ​រក្សា​អំណាច​លោក ហ៊ុន សែន ដោយ​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​គណបក្ស​ភ្លើង​ទៀន​ដែល​គេ​សង្ស័យ​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ កំពុង​ជួយ​បំភ្លឺ​អំណាច​លោក ហ៊ុន សែន ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​ប្រកាស​ចូលរួម​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច​ក្នុង​ឆ្នាំ​២០២២។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ឧសភា នេះ​ថា គណបក្ស សម រង្ស៊ី ដែល​មិនទាន់​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន ធ្លាប់​ជា​គណបក្ស​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​បាន​លើក​អំណាច​ជូន​លោក ហ៊ុន សែន តាមរយៈ​នៃ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០​ភាគរយ​បូក​១ កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។

លោក គឹម សុខ បារម្ភ​ថា បច្ចុប្បន្ន​នេះ គណបក្ស​ភ្លើង​ទៀន​កំពុង​បន្ត​ស្មារតី​របស់​គណបក្ស សម រង្ស៊ី ដោយ​ស្ម័គ្រចិត្ត​ជួយ​ជ្រោមជ្រែង​អំណាច​លោក ហ៊ុន សែន តាមរយៈ​នៃ​ការ​កំដរ​ឧក្រិដ្ឋកម្ម​បោះឆ្នោត​ឆ្នាំ​២០២២ នេះ ដូច្នេះ​វាសនា​អាក្រក់​របស់​កម្ពុជា គឺ​ពិតជា​ពិបាក​ប៉ាន់ស្មាន​ណាស់ ថា​តើ​នឹង​រអិល​ធ្លាក់​ជ្រោះ​ដល់​កម្រិត​ណា​ទៅ​ថ្ងៃ​អនាគត។

លោក គឹម សុខ លើកឡើង​ថា នៅ​ពេល​នេះ​គណបក្ស​ភ្លើង​ទៀន​ស្ម័គ្រ​ចូល​ខ្លួន​លម្អ​អំណាច​លោក ហ៊ុន សែន ដោយ​គ្មាន​លក្ខខណ្ឌ​បន្ត​ទៀត បន្ទាប់ពី​ប្រកាស​ចូលរួម​ឧក្រិដ្ឋកម្ម​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច​ក្នុង​ឆ្នាំ​២០២២ នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​អះអាង​ថា ក្រោយ​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បញ្ចេញ​ស្នាដៃ​អនុវត្ត​ផែនការ «ក៥» របស់​វៀតណាម​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​នោះ​យុវជន​ខ្មែរ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ផែនការ​នេះ​អស់​ជាង ២០​ម៉ឺន​នាក់។

លោក​បន្ថែម​ថា បន្ទាប់ពី​គណបក្ស សម រង្ស៊ី ជួយ​បង្គ្រប់​សំឡេង​ក្នុង​រដ្ឋសភា​កាលពី​ឆ្នាំ​២០០៦ ដើម្បី​កែប្រែ​រូបមន្ត​បង្កើត​រដ្ឋាភិបាល​ពី ២​ភាគ​៣ មក​ជា ៥០​ភាគរយ​បូក​១ លោក ហ៊ុន សែន បាន​សម្រុក​អនុវត្ត​នយោបាយ​បំផ្លាញ​អធិបតេយ្យ​ជាតិ​តាមរយៈ​នៃ​ការ​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សម្លាប់​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​របស់​កម្ពុជា ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន អាច​ដឹកនាំ​កម្ពុជា​ដោយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន នៅ​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ និង​លើកស្ទួយ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ​ផង​ដែរ។

កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៧ គណបក្ស សម រង្ស៊ី ដែល​ជា​សហ​ស្ថាបនិក​ក្នុង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​មក​ជា​គណបក្ស​ភ្លើង​ទៀន​ជំនួស​វិញ និង​សម្រេច​ចិត្ត​បែក​ចេញ​ពី​គណបក្ស​សិទ្ធិមនុស្ស មក​ចូលរួម​ការ​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ​នេះ។

ទោះជា​បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺជា​ការ​បោះឆ្នោត​មួយ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ ដូច្នេះ​ការ​បោះឆ្នោត​នេះ​នឹង​មិន​ធានា​បាន​នូវ​ឯករាជភាព តម្លាភាព និង​យុត្តិធម៌​នោះ​ឡើយ ព្រោះ​ជា​ការ​បោះឆ្នោត​ដែល​បង្គ្រប់​កិច្ច​ឲ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស