39.4 C
Phnom Penh

សហភាព​អឺរ៉ុប​មិន​ដាក់​អ្នក​សង្កេតការណ៍​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ឧសភា នេះ ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ ខណៈ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​កន្លងមក ក៏​មិន​ដាក់​អ្នក​សង្កេតការណ៍​ដែរ។

សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ ទី​២០ ឧសភា នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ អឺរ៉ុប​នឹង​មិន​ដាក់​អ្នក​សង្កេតការណ៍​នោះ​ទេ។

សហភាព​អឺរ៉ុប​បញ្ជាក់​ថា ទោះបីជា​អឺរ៉ុប​មិន​ដាក់​អ្នក​សង្កេតការណ៍​ក៏ដោយ ប៉ុន្តែ​អឺរ៉ុប​នឹង​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ ថា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​ដែរ​ឬ​ទេ ដោយ​ថា​ទាំងអស់​នេះ​វា​ជា​ផ្នែក​សំខាន់​ក្នុង​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។

មួយ​វិញ​ទៀត សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​នៃ​រដ្ឋ​ជា​សមាជិក ក៏​បាន​ជួប​ជាមួយ​ប្រធាន និង​សមាជិក គ.ជ.ប ដើម្បី​ឈ្វេងយល់​ព័ត៌មាន​លម្អិត​បន្ថែម​លើ​បញ្ហា​មួយ​ចំនួន​អំពី​ការ​ចុះឈ្មោះ​បោះឆ្នោត ដោយ​រាប់​បញ្ចូល​ទាំង​ការ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ជន​ធ្វើ​ចំណាកស្រុក រហូត​ដល់​ការ​តែងតាំង និង​អាណត្តិ​នៃ​សមាជិក គ.ជ.ប និង​មន្ត្រី​ផ្សេងៗ​ទៀត ដូចជា​មន្ត្រី​ប្រចាំ​ការិយាល័យ​បោះឆ្នោត ជាដើម។

ជាមួយ​គ្នា​នេះ អឺរ៉ុប​ថា​ខ្លួន​ក៏​កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​ស្ថានទូត​អឺរ៉ុប​ជាច្រើន​បាន ហើយ​និង​កំពុង​បើក​កិច្ចប្រជុំ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សាធារណៈ​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​រៀបចំ និង​ដឹកនាំ​ការ​បោះឆ្នោត ជាក់ស្ដែង​ដូចជា គ.ជ.ប ជាដើម។

សហភាព​អឺរ៉ុប ថា​ខ្លួន និង​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​នៅ​ក្នុង​ប្រទេស នឹង​បន្ត​ចូលរួម​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​អាច​រួម​ចំណែក​ដល់​ដំណើរការ​បោះឆ្នោត​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។

ការ​លើកឡើង​ពី​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​សហភាព​អឺរ៉ុប ក្នុង​នោះ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប អ្នកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​បារាំង លោក Jacques Pellet ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆេក លោក Martin Vávra ភារធារី​ស្តីទី​នៃ​ប្រទេស​ហុងគ្រី លោក István Bakos និង​ប្រធាន​ការិយាល័យ​នៃ​ស្ថានទូត​ស៊ុយអែត អ្នកស្រី Camilla Ottoson បាន​ជួប​ប្រជុំ​ជាមួយ​លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​សមាជិក គ.ជ.ប ឯទៀត​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

ទោះជា​យ៉ាងណា​ក៏ដោយ មិន​មែន​តែ​សហភាព​អឺរ៉ុប​ទេ អង្គការ​និចហ្វិច ដែល​តែងតែ​ឃ្លាំមើល​ការ​បោះឆ្នោត​កន្លងមក ក៏​មិន​ដាក់​អ្នក​សង្កេតការណ៍​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ទេ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន ១៧​ចូលរួម។

ដំណាល​ពេល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ដំណើរការ​បោះឆ្នោត​នោះ កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ សមាជិក​សភា​អឺរ៉ុប​តាមដាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ នៅ​កម្ពុជា ដោយ​ហេតុ​ថា បើសិនជា​រក​ឃើញ​ថា​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ សភា​អឺរ៉ុប​នឹង​ស្នើ​ឱ្យ​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​ពី​ប្រទេស​កម្ពុជា​តែម្ដង។

ការ​ព្រមាន​ពី​សហភាព​អឺរ៉ុប ក្រោយពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ បាន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ចាប់តាំងពី​តុលាការ​កំពូល​ប្រទេស​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស